កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ មន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានព្រមានថា ការវាយប្រហារភេរវកម្មអាចកើតមានឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ អូស្ត្រាលីបានផ្តល់សារដល់អ្នកធ្វើដំណើរទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ ការព្រមាននេះប្រហាក់ប្រហែលគ្នាជាមួយការព្រមានពីប្រទេសម៉ាឡេស៊ី ដែលនៅជិតជាមួយប្រទេសឥណ្ឌូនេស៊ីនោះផងដែរ ។
មន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានបញ្ជាក់ថា ក្នុងអំឡុងពេលថ្មីៗចុងក្រោយនេះ ក្រុមចារកម្មបានទទួលព័ត៌មានសម្ងាត់ថា មានការរៀបគម្រោងការវាយប្រហារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ ប្រភពបានបន្តដោយផ្ញើសារចំពោះអ្នកធ្វើដំណើរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ។ មន្ត្រីក្រសួងការបរទេសអូស្ត្រាលីអះអាងថា យើងសូមណែនាំចំពោះអ្នកគ្រាប់គ្នាឲ្យមានការប្រុងប្រយ័ត្នបំផុតខណៈធ្វើដំណើរឆ្លងកាត់ប្រទេសឥណ្ឌូនេស៊ី ក្នុងនោះរួមមានទីក្រុងហ្សាការតា បាលី និង Lombok ផងដែរ ដោយសារនៅទីតាំងទាំងប្រឈមការរៀបគម្រោងវាយប្រហារភេរវកម្ម ។
ប្រភពមិនទាន់បញ្ជាក់ឲ្យលាស់នៅឡើយទេ ប៉ុន្តែគ្រាន់តែអះអាងថា សូមឲ្យមានការប្រុងប្រយ័ត្ន ហើយនាយករដ្ឋានពាក់ព័ន្ធរបស់អូស្ត្រាលី បន្តតាមដាន និងប្រមាញ់ព័ត៌មានឲ្យច្បាស់ថា តើក្រុមភេរវកររៀបផែនការវាយប្រហារភេរវកម្មនៅក្នុងឥណ្ឌូនេស៊ី នៅកន្លែងណា និងនៅពេលណានោះ ។
ប្រភពដដែលនេះ បានពញាក់ស្មារតីអ្នកដំណើរឲ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារជាយថាហេតុ ជាពិសេសនៅកន្លែងដែលពុំមានកងសន្តិសុខយាមកាមតឹងរ៉ឹង ។ មន្ត្រីក៏បានលើកឡើងអំពីការវាយប្រហារនាពេលកន្លងមកដោយក្រុមភេរវករបានជ្រើសរើសយកទីតាំងដូចជាក្លិបរាត្រី ប៉ា ហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ អាកាសយានដ្ឋាន និងនៅតាមទីសក្ការបូជាជាដើម ។
ឥណ្ឌូនេស៊ីកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះបានចាប់ខ្លួនជនសង្ស័យជាក្រុមជ្រុលនិយមផ្តាច់ខ្លួនរាប់សិបនាក់ស្ថិតនៅលើដែនកោះ Java ។ គេនៅមិនទាន់ប្រាកដនៅឡើយថា ជនដែលត្រូវចាប់ខ្លួនទាំងនោះមានទំនាក់ទំនងការបាញ់ប្រហារភេរវកម្ម និងបំផ្ទុះគ្រាប់បែកអត្តឃាត់ នៅទីក្រុងហ្សាការតាកាលពីខែមុន បណ្តាលឲ្យជនស៊ីវិល៤នាក់បាត់បង់ជីវិត ហើយជនវាយប្រហារ៤នាក់ក៏បានស្លាប់ផងដែរនោះឬយ៉ាងណាឡើយ ។
ការវាយប្រហារភេរវកម្មនៅទីក្រុងហ្សាការតា គឺក្រុមរដ្ឋអិស្លាម IS បានប្រកាសទទួលស្គាល់ថា ជាសកម្មភាពរបស់ពួកគេ។ ឥណ្ឌូនេស៊ីទទួលរងការវាយប្រហារភេវកម្មជាបន្តបន្ទាប់គឺនៅក្នុងឆ្នាំ២០០០ និងនៅក្នុងឆ្នាំ២០០៩ ។ រដ្ឋាភិបាលត្រូវគេមើលឃើញមានសមត្ថភាពតិចតួចនៅក្នុងការបង្ក្រាបទៅលើបណ្តាញភេរវកម្មដ៏គ្រោះថ្នាក់នោះ ៕ ប្រែសម្រួល៖ ថាច់ យ៉ាត