ភ្នំពេញ៖ បេីយោងតាមការបង្ហោះហ្វេសប៊ុករបស់លោក តាំង គឹមហេង អតីតកាលជាចាងហ្វាងផលិតកម្មក្នុងស្រុកដ៏ល្បីមួយគឺ” KH Promotion” ដែលជាអ្នកធ្លាប់បណ្ដុះតារាចម្រៀងជាច្រើនឲ្យល្បីដល់សព្វថ្ងៃ មានដូចជា៖ តារាចម្រៀង សុខ ពិសី ហ្សូណូ សុខ ស្រីនាង ជាដើមបានជ្រកកោណនៅទីនោះ។ ប៉ុន្តែក្រោយឆាកជីវិតជួបការផ្លាស់ប្ដូរនឹកស្មានមិនដល់ ដោយត្រូវបាត់បង់ស្ទើរអស់ពីខ្លួន សូម្បីតែគ្រួសារកក់ក្ដៅមួយនោះ នាពេលបច្ចុប្បន្នលោក តាំង គឹមហេង ត្រូវបានគេឃើញ កំពុងតស៊ូនឹងឆាកជីវិតចុងក្រោយជាអ្នកលក់ពុទ្រាដ៏សាមញ្ញមួយរូបផងដែរ។
ជាក់ស្តែងនាពេលថ្មីនេះ នៅក្នុងស្ថានភាពមួយនេះ ប្រិយមិត្តខ្លះដែលស្គាល់លោកបានបង្ហាញនូវការអាណិតអាសូរ និងសង្វេគចំពោះការផ្លាស់ប្ដូរជីវិតស្ទើរមិនគួរឲ្យជឿនេះ។ ប៉ុន្តែលោក តាំង គឹមហេង ខ្លួនឯង នៅតែបង្ហាញភាពរឹងមាំ ហើយថា លោកមិនខ្វល់នឹងអតីតកាលលោកជាអ្វីឡើយ តែរឿងបច្ចុប្បន្នទេ ទើបជារឿងត្រូវគិត ព្រោះជីវិតត្រូវការរស់តទៅមុខទៀត។ លោកថ្លែងថា “គឹមហេង ពីមុនជាអ្វី ស្រេចលើបងប្អូនគិត តែ គឹមហេង ពេលនេះ គឺជាអ្នកលក់ពុទ្រា!!”។
សំណេរលោក គឹមហេង នៅលើបណ្ដាញសង្គមរបស់លោក បានប្រាប់ទៅអ្នកស្គាល់ ក៏ដូចជាអតិថិជនរបស់លោកដោយបញ្ជាក់ពាក្យចុងក្រោយថា “ខ្ញុំជាអ្នកលក់ពុទ្រា” ។ ជាមួយនឹងឃ្លាបន្ថែមលោក ថា “ជួយទិញពុទ្រាខ្ញុំផង ១គីឡូ១ម៉ឺនរៀល ដឹកជញ្ជូនឥតគិតថ្លៃ គ្រប់ទីកន្លែង”។ ឃើញបែបនេះ ប្រិយមិត្តខ្លះក៏អាណិតជួយទិញ ជាការលើកទឹកចិត្ត និងខ្លះក៏លើកសរសើរពីការតាំងចិត្ត និងភាពរឹងមាំ មិនចុះចាញ់នឹងជីវិតដែលធ្លាក់ដុនដាបមិនគួរឲ្យជឿរបស់លោក។
រំលឹកទៅអតីតកាលបន្តិច លោក តាំង គឹមហេង គឺជាថៅកែផលិតកម្មចាងហ្វាងផលិតកម្ម KH Promotion ប៉ុន្តែក្រោយមកប្រមាណជិត២០ឆ្នាំមុន មិនដឹងមានមូលហេតុយ៉ាងណា លោកបានដកខ្លួនចេញបាត់ស្ងាត់ឈឹង។ បន្ទាប់មកប្រមាណ ១០ឆ្នាំ ក្រោយមកទៀត ទើបដឹងថា ការចាកចេញពីជីវភាពស៊ីវីល័យនៅទីក្រុង គឺលោកទៅរស់នៅធ្វើជាកសិករសាមញ្ញមួយរូប ធ្វើការដាំដុះបន្លែបង្ការនៅទឹកដីកំណើតខេត្តបន្ទាយមានជ័យ ដែលជាការផ្លាស់ប្ដូរឆាកជីវិតដំណាក់កាលទី១របស់លោក។
ប្រភពខាងលេីបន្តថា ក្រោយមកទៀត ឆាកជីវិតរបស់លោក ក៏បានជួបការផ្លាស់ប្ដូរដំណាក់កាលទី២បន្ថែមទៀតរឹតតែធ្ងន់ធ្ងរ ក្រោយពីភរិយារបស់លោកដែលរស់នៅបែកគ្នា ម្នាក់នៅចំការ ម្នាក់នៅរាជធានីនោះ បានដាក់ពាក្យបណ្ដឹងសុំលែងលះកាលពីអំឡុងឆ្នាំ ២០១៩។ ពេលនោះ លោក គឹមហេង បញ្ជាក់ថា លោកមិនដឹងឡើយថា លោកមានកំហុសអ្វី ពោលគឺជីវិតរស់នៅផ្អែមល្ហែមសុខៗ ស្រាប់តែទទួលបណ្ដឹងសុំលែងលះ ធ្វើឲ្យលោកស្លុតចិត្ត ភ័ន្តភាំង និងនិយាយមិនរួច។
បេីទោះជាយ៉ាងណា អ្វីៗមិនបានបកក្រោយទេ ពោលគឺជីវិតប្ដីប្រពន្ធរបស់លោកបានដល់ទីបញ្ចប់ជាស្ថាពរ ហើយទ្រព្យសម្បត្តិមួយចំនួនធំ ក៏បានបង់ក្នុងការលែងលះដែលមិនទាន់ដាច់ស្រេចនៅឡើយមកដល់ឥឡូវ។ ពេលនោះហើយ ជាពេលដែលលោកថា លោកអស់រលីងហើយពីខ្លួន…ខណៈប្រិយមិត្តដែលស្គាល់មើលឃើញថា លោកកំពុងធ្លាក់ក្នុងស្ថានភាពដ៏លំបាកបំផុតក្នុងឆាកជីវិត។ ទោះបែបនេះ គេឃើញ លោក គឹមហេង នៅតែបញ្ចេញរូបភាពញញឹម សើចនៅលើបណ្ដាញសង្គម លាក់បាំងរឿងក្នុងចិត្តយ៉ាងច្រើន។
គេតែងឃើញសរសេរសារលើកទឹកចិត្តខ្លួនឯងជារឿយដូចជាពាក្យថា “សូមរស់ដោយមានន័យ រីករាយអ្វីៗដែលខ្ញុំកំពុងធ្វើ” និង “បំភ្លេចអតីតកាល ហើយរីករាយនឹងពិភពលោកថ្មីរបស់យើង” ជាដើម។ ជាមួយនឹងការពង្រឹងស្មារតី លោក គឹមហេង ក៏ត្រូវតស៊ូជាថ្មីនឹងឆាកជីវិតបន្តទៀត ដោយកាលពីពាក់កណ្ដាលឆ្នាំមុន គេឃើញលោកទៅជួលដីមុខផ្ទះគេដាក់លក់ទឹកសុទ្ធ ភេសជ្ជៈ និងរបរកំប៉ិកកំប៉ុកជាច្រើនទៀត។
ជាមួយគ្នានោះ ក្រៅពីនេះ លោកក៏ធ្លាប់មានការងារខ្លះបន្ថែម ធ្វើជាអ្នកប្រឹក្សាផ្នែកកសិកម្មដល់អង្គការ និងជាអ្នកប្រឹក្សាយោបល់ឲ្យក្រុមហ៊ុនគ្រឿងសម្អាងមួយដែរ។ តែអាជីពស្នូលរបស់លោកចុងក្រោយនេះ គឺលក់ផ្លែពុទ្រា ដែលលោកដាំដុះផ្ទាល់ដៃនៅចំការទំហំ ៥ហិកតាររបស់លោកនៅខេត្តបាត់ដំបង។ របរនេះហើយ ដែលគេឃើញបង្ហោះសារពពាយនាយលក់រាល់ថ្ងៃ។
បេីតាមលោក គឹមហេង បានថ្លែងប្រាប់ឲ្យដឹងថា៖ “ជួបរឿងទាំងអស់នេះ ពិបាកចិត្ត ច្បាស់ជាពិបាក ឈឺចិត្តក៏ច្បាស់ជាឈឺហើយ តែខ្ញុំមិនបាក់ទឹកចិត្តទេ មិនអីចឹងអ្វីក៏ចប់ដែរ!”។ ដោយសារការអាណិត និងលើកទឹកចិត្តពីមិត្តភ័ក្ដិបងប្អូន លោក គឹមហេង បញ្ជាក់ថា លោកអាចលក់ដាច់ផ្លែពុទ្រាធម្មជាតិរបស់លោកបានច្រើនគួរសមដែរ និងកំពុងបន្តប្រឹងប្រែងលក់ថែមទៀតរៀងរាល់ថ្ងៃ៕ដោយ៖សហការី