ភ្នំពេញ, លោក សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប លោកពិតជាបានលះបង់ គ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ ប្រទេសជាតិរបស់យើង ។ លោកសាងកេរ្តិ៍ឈ្មោះល្អបំផុត ក្នុងនាមជាអ្នកតំណាងរាស្ត្រ ក្នុងនាមជាស្វាមី ជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ ចិត្តសន្តោសប្រណី ។ ប៉ុន្តែអ្វីដែលលោកកំពុងតែសម្រក់ទឹកភ្នែក ត្រង់ថា ចាប់ដៃគ្នាជាមួយភរិយា ជាង ៤០ ឆ្នាំមកហើយ ហេតុអ្វី ក៏លោកគ្មានឱកាសជូនដំណើរភរិយា ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ គ្រាមានគ្រោះថ្នាក់បាក់ឆ្អឹងដែលនឹកស្មានមិនដល់នោះ !
ពេលដែលចោលក្រសែភ្នែកលើអក្ខរា ក្នុងសំណេររបស់អ្នកតំណាងរាស្រ្តរូបនេះ ពិតណាស់ មិនងាយរកបានទេ ឧត្តមស្វាមី សម្រក់ទឹកភ្នែក នឹកគិតភរិយាគ្រប់វិនាទី ។
លោក សៀង ណាំ អ្នកតំណាងរាស្រ្ត មណ្ឌលសៀមរាប មកពីគណបក្សប្រជាជនកម្ពុជា បានសរសេរយ៉ាងដូច្នេះថា,
រាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១
មកដល់ប្រពន្ធសំឡាញ់របស់បង!
មុនពេលអូនអាននូវសំណេរដែលចេញពីដួងចិត្តនេះ បងសូមអភ័យទោសទុកជាមុននិងសោកស្តាយយ៉ាងខ្លាំង ដែល មិនបានរួមដំណើរជាមួយអូនទៅកាន់មន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។
ឧត្តមភរិយារបស់បង! ចាប់តាំងពីបងបានឃើញពន្លឺថ្ងៃរហូតដល់អាយុ២០ ឆ្នាំ ជីវិតបងបានរស់យ៉ាងសុខសាន្ត ក្រោមម្លប់ព្រហ្មវិហារធម៌របស់លោកឱពុកអ្នកម្តាយ។ បងបានទទួលនូវការស្រឡាញ់ ថ្នាក់ថ្នម និងការចិញ្ចឹមបីបាច់ គ្រប់យ៉ាងពីលោកទាំងទ្វេ។
តែក្នុងឆ្នាំ១៩៧៣ ទឹកដីកោះសំរោង ខេត្តកំពង់ចាម ដែលជាស្រុកកំណើតបានស្ថិតក្រោមការគ្រប់គ្រងរបស់ ពួកខ្មែរក្រហម(តំបន់រំដោះ) បងបានសំពះលាលោកអ្នកមានគុណ ដើម្បីចេញទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ។ បងបានជម្រាបគាត់ថា «ពេលស្រុកបានសានត្រាណ បើកូននៅរស់ កូននឹងមករកលោកទាំងពីរវិញ តែបើមិនឃើញកូន មកទេ គឺកូនស្លាប់ហើយ»។ ពេលនោះ លោកឪពុកអ្នកម្តាយទាំងពីរបានជូនពរបង ឱ្យធ្វើដំណើរបានសុខសប្បាយ និងផ្តាំផ្ញើឱ្យខំរៀនសូត្រ។
ចេញពីកំពង់ចាម តំបន់រំដោះ មកភ្នំពេញត្រូវឆ្លងកាត់គ្រាប់កាំភ្លើង និងការប្រយុទ្ធយ៉ាងក្តៅគគុក រវាងកងទ័ព ខ្មែរក្រហម និងកងទ័ព លន់ នល់ ហើយទីបំផុតបងធ្វើដំណើរដល់ភ្នំពេញដោយសុខសប្បាយ។ អូនដឹងទេ? ប្តីរបស់អូនកាលណោះ មានតែខ្លួនមួយ គ្មានសាច់ញាតិនិងបងប្អូនឡើយ គឺក្លាយជាកូនកំព្រា តែលតោល លំបាកលំបិនក្រៃលែង ហើយដើរស៊ីឈ្នួលគេ ធ្វើកម្មករគេ ដើម្បីរស់និងបានរៀនសូត្រ។ បានតែពីរឆ្នាំប៉ុណ្ណោះ ភ្នំពេញត្រូវបានកាន់កាប់ទាំងស្រុងដោយរបបខ្មែរក្រហម គឺថ្ងៃ ១៧ មេសា ១៩៧៥ ហើយបង ក៏បានរស់នៅក្នុង កងយុវជន ធ្វើការធ្ងន់ធ្ងរដូចប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ។
ប្រពន្ធសំឡាញ់! ថ្ងៃទី២៥ ខែ៥ ឆ្នាំ១៩៧៧ បងនិងអូនបានឡើងប្តេជ្ញាក្លាយជាគូស្រករប្តីប្រពន្ធនឹងគ្នា រហូតមក ដោយចាប់ដៃគ្នាកសាងជីវិតទាំងលំបាកក្នុងរបបវាលពិឃាត។ អនុស្សាវរីយ៍ទាំងឡាយក្នុងរបបប៉ុលពត បងចាំយ៉ាងច្បាស់ ពេលខ្លះ បាយមួយដុំ ឬដំឡូងមួយដុំ អូនមិនហ៊ានហូបទេ អូនទុកសម្រាប់បង ឱ្យបងហូបមុន ទោះជាបងប្រាប់ថា ហូបទាំងអស់គ្នាក៏អូនមិនព្រមហូបដែរ ពេលនៅសល់ទើបអូនហូបតាមក្រោយ ពេលខ្លះបងហូបអស់អូន ក៏សុខចិត្តអត់ថែមទៀតផង។
គិតមកដល់ពេលនេះ យើងបានចាប់ដៃគ្នាជាប្តីប្រពន្ធ រយៈពេល៤៤ ឆ្នាំហើយ អូនពិតជាហត់នឿយណាស់ ក្នុងនាមជាភរិយានិងជាម្តាយ។ រាល់ម្ហូបអាហារ សម្លៀកបំពាក់ និងកន្លែងគេងរបស់បង របស់កូនៗយើង និងការអប់រំពួកគេ សុទ្ធតែអូនជាអ្នកធ្វើទាំងអស់។ អូនបានបំពេញតួនាទីជាឧត្តមភរិយាដ៏ល្អបំផុត បំពេញតួនាទី ជាម្តាយដ៏សែនកក់ក្តៅសម្រាប់កូនយើង ហើយបងពិតជាមានសំណាងខ្លាំងណាស់ដែលមានរូបអូនជាភរិយា។
ល្ងាចថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២១
បងពិតជាស្លុតចិត្តណាស់ ពេលឃើញអូនគ្រោះថ្នាក់បាក់ឆ្អឹងស្មា ព្រោះដួលកង់ពេលកំពុងជិះហាត់ប្រាណ។ បងបានពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញពីអាការៈរបស់អូន។ ដោយហេតុថា គ្រោះថ្នាក់បាក់ចំកន្លែងឆ្អឹងពុក ដែលក្លាយជាកង្វល់មួយបន្ថែមទៀតសម្រាប់បង។ ទីបំផុត ក្រុមគ្រូពេទ្យបានផ្តល់យោបល់ថាត្រូវបញ្ជូនអូនទៅ ព្យាបាលនៅទីក្រុងបាងកក ព្រោះទីនោះមានឧបករណ៍ពេទ្យគ្រប់គ្រាន់។
រាត្រីថ្ងៃទី៥ មួយថ្ងៃក្រោយមក វេលាម៉ោង ៧ យប់
អូនសំឡាញ់! បងរឹតតែខ្លោចផ្សាទ្វេដង ពេលយន្តហោះទីក្រុងបាងកកបានមកដល់។ បងស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ដើមទ្រូងតឹងណែនមួយរំលេចរកថាមិនត្រូវ ហើយទ្រហោយំចំពោះមុខកូននិងអ្នករាល់គ្នា។ នេះ ប្រហែលជាលើកដំបូងហើយដែលបងកើតទុក្ខខ្លាំងបែបនេះ ក្នុងជីវិតប្តីប្រពន្ធរបស់យើង។ អូនធ្លាប់ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង តែបងមិនអាចរួមដំណើរជាមួយអូនទៅមើលថែអូននមន្ទីរពេទ្យ បងមានតែទឹកភ្នែកជូនដំណើរអូន។
ឱ្យបងសូមទោស!
បងមិនអាចទៅបានដោយហេតុផលពីរយ៉ាង៖
ទី១ បញ្ហាខូវីដ១៩ ដែលគេអនុញ្ញាតបានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកជំងឺម្នាក់ និងអ្នកមើលថែម្នាក់។ ដូច្នេះ ពួកយើងសម្រេចឱ្យកូនស្រីទៅជាមួយអូន។ បើបងទៅផង គេតម្រូវឱ្យធ្វើចត្តាឡីស័ក គឺពេលទៅចំនួនពីរសប្តាហ៍ ហើយពេលត្រឡប់មកវិញពីរសប្តាហ៍ ពោលគឺមិនបានមើលថែអូនហើយ ថែមទាំងជាប់នៅមណ្ឌលចត្តាឡីស័ក បន្ថែមទៀតផង។
ទី២ បងមានភារកិច្ចជាច្រើនត្រូវបំពេញជូនរាជរដ្ឋាភិបាល ជាពិសេស ការស្ថាបនាផ្លូវទាំង ៣៨ ខ្សែ នៃក្រុងសៀមរាបរបស់យើង។
ហេតុផលនេះ បងដឹងយ៉ាងច្បាស់ថា អូនពិតជាយល់ហើយថែមទាំងលើកទឹកចិត្តបងទៀតផង។ បងគ្មានអ្វី ក្រៅពីពាក្យថា សូមទោសប្រពន្ធសំឡាញ់! គ្រប់ពេល អូនបានបម្រើប្តី បានរួមទុក្ខរួមសុខជាមួយបង តែបងបែរជា មិនអាចមើលថែអូនបានទៅវិញ។ បើបងអាចឈឺជំនួសអូនបាន បងនឹងឈឺជំនួស មិនឱ្យអូនដេកឈឺនៅលើគ្រែពេទ្យ នោះទេ។
អូនដឹងទេ! ប្រហែលមកពីយើងបានធ្វើបុណ្យច្រើនហើយមើលទៅ ទើបយើងបានទទួលនូវសមានចិត្ត និងការអាណិតអាសូរ ពាក្យជូនពរគ្រប់ទិសទី ពីសំណាក់ថ្នាក់ដឹកនាំ និងព្រះសង្ឃ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាច្រើនហូរហែ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំថ្លែងព្រះអំណរគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានសមានចិត្តនិងរាប់អាន ខ្ញុំព្រះករុណា យើងខ្ញុំ។
សូមប្រគេនពរ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ បានប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគុណបុណ្យព្រះរតនត្រៃ បារមីនៅលើលោក ជួយឃុំគ្រងថែរក្សាអូនក្នុងការវះកាត់ នៅថ្ងៃចន្ទ ទី៨ ខាងមុខនេះបានប្រកបដោយជោគជ័យ និងឆាប់បានជាសះស្បើយត្រឡប់មកជួបជុំគ្រួសារយើងវិញ៕
ដោយ, សុខ ខេមរា