ភ្នំពេញ, នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា,មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងអ្នកជាសះស្បេីយចំនួន ០១នាក់ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
ករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ៖ ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) ក្នុងនោះរួមមាន:
ទី១-ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិច បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខ ភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ទី២-ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៩២នាក់ ដែល នៅក្នុងចំនួននេះមាន បុគ្គលទាំង ០២ខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៩០នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយ ក្នុងរាជធានី ភ្នំពេញ ចំនួន ៨៦នាក់ សណ្ឋាគារមួយទៀត ចំនួន ៤០នាក់ និងស្ថានទូតអាមេរិក ចំនួន ០៤នាក់។
មានករណ៍ជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើ ដំណើរមកពីប្រទេសថៃ)
• បុរសជនជាតិឥណ្ឌូនេស៊ី អាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តព្រះសីហនុ ជាអ្នកដំណើរមក ពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន៕
ដោយ, សិលា