ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android រាប់លានត្រូវបានរងការវាយប្រហារបន្ទាប់ពីធ្វើបច្ចុប្បន្នភាពកម្មវិធីនេះ

ចែករំលែក៖

ភ្នំពេញ, អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបង្កើតកម្មវិធីសម្រាប់ការពារ និងកម្ចាត់មេរោគដ៏ល្បី Malwarebytes បានឱ្យដឹងថា កាលពីពេលថ្មីៗនេះពួកគេបានទទួលសាររអ៊ូរទាំជាច្រើនពីអ្នកប្រើប្រាស់ដែលប្រើទូរសព្ទប្រព័ន្ធប្រតិបត្តិការ Android ដែលទូរសព្ទរបស់ពួកគេត្រូវបានបញ្ចូលកម្មវិធីដែលពួកគេមិនបានទាញយក ឬបង្ហាញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនដោយខ្លួនឯង។

បន្ទាប់ពីធ្វើការស្រាវជ្រាវ ពួកគេបានរកឃើញថាបញ្ហានេះគឺមកពីការធ្វើបច្ចុប្បន្នភាពកម្មវិធី Barcode Scanner ហើយដែលកម្មវិធីជំនាន់ថ្មីនេះមានបង្កប់មកជាមួយនូវមេរោគ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវពិបាកនឹងយល់នោះថាតើហេតុអ្វីបានជា អ្នកអភិវឌ្ឍកម្មវិធីនេះទើបតែបញ្ចូលមេរោគទៅក្នុងកម្មវិធីនៅពេលដែលពួកគេធ្វើបច្ចុប្បន្នភាពកម្មវិធីនៅថ្ងៃទី ៤ខែធ្នូឆ្នាំ ២០២០ ព្រោះភាគច្រើនកម្មវិធីដែលមានមេរោគគឺដោយសារតែអ្នកអភិវឌ្ឍកម្មវិធីប្រើកម្មវិធី SDK ដែលមានបង្កប់មេរោគស្រាប់មកបង្កើតកម្មវិធី មិនដូចក្នុងករណីនេះទេ ដែលអ្នកអ្នកអភិវឌ្ឍកម្មវិធីមានចេតនាបញ្ចូលមេរោគដោយខ្លួនឯង។

កម្មវិធី Barcode Scanner គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ស្កេនឯកសារចូលទៅក្នុងទូរសព្ទហើយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាច្រើនឆ្នាំមកហើយនោះ។ បើតាមការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រាវ បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណជាង ១០លាននាក់បានទាញយកកម្មវិធីនេះ។ ទោះបីជាកម្មវិធីនេះត្រូវបានលុបចេញពី Play Store ហើយក្ដីប៉ុន្តែវាពុំបានលុបចេញពីទូរសព្ទរបស់អ្នកប្រើប្រាស់នោះទេ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ និងចៀសវាងការទាញយកទិន្នន័យពីទូរសព្ទ លោកអ្នកគួរតែលុបកម្មវិធីនេះចេញពីទូរសព្ទរបស់លោកអ្នកឱ្យបានឆាប់រហ័ស៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print