ភ្នំពេញ៖ ទីតាំងហាងលក់កាហ្វេមួយកន្លែងនៅម្ដុំផែថ្មដែរលួចបង្កប់សេវាបម្រើផ្លូវភេទ ត្រូវកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួនមនុស្សស្រី៨នាក់ ក្នុងនោះស្ត្រីបម្រើផ្លូវភេទ៧នាក់ និងថៅកែហាងម្នាក់ផងដែរ ។
ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចក្បែរផែថ្ម ផ្ទះលេខ៦A៧ តាមបណ្ដោយផ្លូវ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងផងដែរថា ករណីនេះដឹកនាំដោយលោកវរសេនីយ៍ឯក សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន និងដោយមានការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចទទួលដំណឹងថានៅចំណុចហាងលក់កាហ្វេដែលមានទីតាំងខាងលើនេះ ពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានផ្ដល់ដំណឹងឲ្យដឹង គឺទីតាំងនេះបានបើកលក់កាហ្វេទាំងយប់ទាំងថ្ងៃនិងមានបង្កប់បម្រើសេវាផ្លូវភេទផងដែរ។ លុះដល់ថ្ងៃទី២៦ខែកុម្ភៈនេះទើបកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សុំគោលការពីព្រះរាជអាជ្ញាចុះមកបង្ក្រាបទីតាំងនេះតែម្ដង។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលបានឃាត់ខ្លួននារីបម្រើសេវាផ្លូវភេទ៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះធី គឹមជែរ អាយុ៤៣ឆ្នាំ ជាជនជាតិវៀតណាម និងដកហូតវត្ថុតាំងមាន ស្រាមអនាម័យមួយចំនួន សៀវភៅកត់ត្រាវ៉ៃសិុចចំនួន៥ក្បាល ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ហើយត្រូវបានកម្លាំងនគរបាលនាំយកទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕
ដោយ៖ ស ដារ៉ា