ប្រទេសភូមា: មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស សម្ព័ន្ធមិត្តជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោងសានស៊ូជី បានក្លាយជាគោលដៅចាប់ខ្លួនបន្តបន្ទាប់ពីសំណាក់យោធា ។ នៅថ្ងៃទី១១ខែកុម្ភៈ លោកKyaw Tint Swe ជាប្រធានការិយាល័យ របស់លោកស្រី ស៊ូជី ត្រូវបានចាប់ខ្លួន។
នៅថ្ងៃតី១១ខែកុម្ភៈ ពលរដ្ឋមីយ៉ានម៉ា នៅទូទាំងប្រទេសបន្តធ្វើបាតុកម្ម ឈានចូលថ្ងៃទី៦ហើយ ប្រឆាំងការធ្វើរដ្ឋប្រហារ ។ សហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋប្រហារយោធានីមីយ៉ាន់ម៉ា ហើយស្ថានភាពពេលនេះកាន់តែអាក្រក់ទៅខណៈ ក្រុមបាតុករ និងកម្លាំងប៉ូលិសប៉ះទង្គិចគ្នា ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំយោធា មីយ៉ាន់ម៉ា និងឱ្យស្នើឱ្យពួកគេប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី វិញ ខណៈបាតុកម្មតវ៉ានៅតែបន្តធ្វើឡើង បើទោះជាមាន ការបង្រ្កាបក៏ដោយ។
បើតាមលោក ចូ បៃដិន រដ្ឋបាលរបស់លោក បាន និងកំពុងកាត់ផ្ដាច់ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនឱ្យដក ឬចូលទៅកាន់មូលនិធិប្រមាណ ១ពាន់លានដុល្លារ ដែលកំពុងតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិក ហើយទណ្ឌកម្មថ្មីៗ បន្ថែមទៀត នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ លោក បៃដិន បានបន្ថែមដូច្នេះថា៖ «ជាថ្មី ម្ដងទៀត ខ្ញុំអំពាវនាវឱ្យយោធាភូមា ដោះលែងថ្នាក់ដឹកនាំនយោបាយ និងសកម្មជនប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំក្នុងនោះរួមមានលោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint ជាបន្ទាន់ ហើយយោធាមីយ៉ាន់ម៉ា ក៏ត្រូវតែប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញផងដែរ»៕
ដោយ: ធី រីណា