អគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា​ ផ្ញេីលិខិតមួយច្បាប់ឲ្យនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ដេីម្បីស្នើសុំជំនួយ​ និងគាំទ្រ

ចែករំលែក៖

អន្តរជាតិ​៖ បន្ទាប់ពី​អគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា​ លោក មីន អោង ហ្លេង បានផ្ញេីលិខិតមួយច្បាប់ឲ្យនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើសុំជំនួយ​ពីប្រទេសថៃ ទៅលើដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។​ ជាការឆ្លេីយតបលោក ប្រាយុទ្ធ បានថ្លែងកាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ថា​ លោកបានទទួលលិខិតមួយច្បាប់ ផ្ញើមកពីអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា ខណៈស្ថានការណ៍នៅប្រទេសជិតខាងរបស់ថៃមួយនេះ កំពុងតែតានតឹងខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃបាងកកប៉ុស្តិ៍។

ជាក់ស្តែងលោក ប្រាយុទ្ធ ចាន់អូចា បានគូសបញ្ជាក់ថា​ នៅក្នុងលិខិតរបស់លោក មីន អោង ហ្លេង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា​ ដែលកំពុងគ្រប់គ្រងអំណាចគ្រប់យ៉ាង អំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ន បានស្នើសុំជំនួយពីប្រទេសថៃ ទៅលើដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។ យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទដើមសប្តាហ៍ បានប្រកាសថា រដ្ឋាភិបាលយោធាពេលនេះ គឺខុសពីរបបយោធាមុនៗ ហើយយោធាសន្យារៀបចំការបោះឆ្នោតឡើងវិញ តាមបែបលទ្ធិប្រជាធិបតេយ្យ ឲ្យបានឆាប់រហ័ស និងប្រគល់អំណាចទៅបក្សដែលឈ្នះឆ្នោត ដោយសេរី និងយុត្តិធម៌។

ជុំវិញលិខិតដែលបានផ្ញើមកកាន់លោក ប្រាយុទ្ធ ឲ្យជួយគាំទ្រដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាខាងលើនេះ នាយករដ្ឋមន្ត្រីថៃរូបនេះ​ បានឆ្លើយតបវិញថា «ប្រទេសថៃតែងតែគាំទ្រដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ។ តទៅមុខទៀត គឺអាស្រ័យទៅលើគាត់ (លោក មីន អោង ហ្លេង) ថាតើចង់ឃើញដំណើរការនោះ ទៅមុខដោយរបៀបណា»។

ជាមួយគ្នានេះ​ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានរំលឹកផងដែរថា ប្រទេសថៃតែងតែគាំទ្រ ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ពេលនេះ គឺការរក្សាឲ្យបាននូវទំនាក់ទំនងល្អ ពីព្រោះវាអាចប៉ះពាល់ដល់ប្រជាជន, សេដ្ឋកិច្ច និងពាណិជ្ជកម្មតាមព្រំដែន ជាពិសេសសម្រាប់អំឡុងពេលនេះតែម្តង។

គួរបញ្ជាក់ថា ការធ្វេីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា​ ត្រូវបានប្រទេសលោកខាងលិច គឺសហរដ្ឋអាមេរិក​ និងអង្គការសហប្រជាជាតិ (UN) បានចោទប្រកាន់ថា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានចាប់លោកស្រី ព្រមទាំងថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាល ជាច្រើនរូបទៀតឃុំខ្លួន និងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ជាបន្តបន្ទាប់។

ដោយឡែរហូតមកទល់នឹងថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះ បាតុកម្មនៅតែបន្តផ្ទុះឡើង ខណៈការបង្ក្រាបដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ក៏ត្រូវបានធ្វើឡើងផងដែរចំពោះក្រុមបាតុករ ដែលបានបំពានបម្រាមរបស់ប៉ូលីស៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print