ភ្នំពេញ: អ្នកបើកម៉ូតូកង់បីឥណ្ឌា(ឡំប្រឺតា)ម្នាក់ជាខ្មាន់កាំភ្លើងមានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿងខណៈដែលគាត់បើកមកឈប់ចតនៅមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ រួចខ្មាន់កាំភ្លើងជាអ្នករត់ឡំប្រឺតានោះបានហៅបក្សពួកមកបាញ់ប្រហារ៣គ្រាប់បណ្ដាលឲ្យបុរស៣ នាក់ស្លាប់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១៩ និង ២៥ នាទីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ មានឈ្មោះប៉ូ សូភី, ទី២ មានឈ្មោះសុី ដេត និងទី៣ មិនស្គាល់អត្តសញ្ញាណ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូននៅក្បែរកន្លែងកើតហេតុខាងលើ។ បន្ទាប់មកគេឃើញបុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងមកពីក្រោយរួចស៊ីផ្លេឱ្យរថយន្តអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្តីដាក់គ្នាមួយប្រាវ។ បន្ទាប់មកអ្នកបើកឡំប្រឺតាក៏បានបើកចេញទៅបាត់ទៅ។ លុះមួយសន្ទុះក្រោយមកនៅម៉ោងកើតហេតុខាងលើស្រាប់តែលេចមុខអ្នកបើកឡំប្រឺតាជាខ្មាន់កាំភ្លើងបានហៅបក្សពួកជិះម៉ូតូជាច្រើនគ្រឿងមកកន្លែងកើតហេតុវិញ រួចខ្មាន់កាំភ្លើងជាអ្នកបើកឡំប្រឺតាបានស្ទុះទៅដកកាំភ្លើងពីបក្សពួកដែលជិះម៉ូតូយកមកបាញ់សំដៅទៅលើម្ចាស់រថយន្តខណៈដែលគាត់កំពុងអង្គុយលេងជាមួយជនរងគ្រោះកំពុងផឹកស៊ីនៅមុខហាង ចំនួន៣គ្រាប់ត្រូវបុរសចំនួន៣នាក់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុម្នាក់និង២នាក់ទៀតរងរបួសធ្ងន់។ ភ្លាមៗនោះប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង៣ នាក់ដាក់លើឡំប្រឺតាបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ តែដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ទាំងបីនាក់។ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកឡំប្រឺតានិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុខាងលើដើម្បីងាយស្រួលពិនិត្យនិងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖សុខាសែនជ័យ