ជនបរទេស​ដែល​រស់នៅ​ម៉ាឡេស៊ីទាំងអស់​ នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ​

ចែករំលែក៖

អន្តរជាតិ​៖​ បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​ប្រទេស​​ម៉ាឡេស៊ី បានចេញសេចក្តីប្រកាស​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ ឆ្នាំ​២០២១ថា​ ជនបរទេស​​ដែល​រស់នៅ​ម៉ាឡេស៊ីទាំងអស់ នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ឥតគិតថ្លៃ​។ ជាក់ស្តែងក្នុង​សេចក្ដីប្រកាស​មួយនេះ បានបញ្ជាក់ថា ការផ្ដល់​វ៉ាក់សាំង​ឥតគិតថ្លៃ​នេះ ក៏​ដោយសារ​ម៉ាឡេស៊ី​មាន​វ៉ាក់សាំង​ច្រើន និង​ជាការ​ទទួលស្គាល់​ការរួមចំណែក​របស់​ជ​នប​រទេស ពិសេស​ពលករ​បរទេស​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​។​

​អាជ្ញាធរ​ម៉ាឡេស៊ី បានបញ្ជាក់បន្ថែមថា​ នៅ​ចុងខែ​កុម្ភៈ នឹង​ចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ប្រជាជន​ម៉ាឡេស៊ី​ ​នឹង​ទទួលបាន​អាទិភាព​។ ប៉ុន្តែ​ជនបរទេស​រស់នៅ​ប្រទេស​នេះ ក៏​មិន​ត្រូវបាន​ផាត់​ចោល​ដែរ​។ បេីតាមក្នុង​សេចក្តីថ្លែងការណ៍​ចេញ​នៅថ្ងៃទី​១១ ខែកុម្ភៈ គណៈកម្មាធិការ​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​សង្កត់ធ្ងន់ថា ជនបរទេស​ដែល​រស់នៅ​ម៉ាឡេស៊ី នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កដោយ​ឥតគិតថ្លៃ នៅពេល​ម៉ាឡេស៊ី​ចាប់ផ្តើម​បើក​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់ខ្លួន​។

​សូមជម្រាបថា​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន Muhyiddin Yassin កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០កន្លងទៅ​ ធ្លាប់​បានប្រកាសថា រដ្ឋាភិបាល​ម៉ាឡេស៊ី ក៏​មិន​បង្ខំ​ឱ្យ​ប្រជាជន​ត្រូវតែ​ចាក់​វ៉ាក់សាំង​ឡើយ​។​

​បើតាម​ទូរទស្សន៍ CNA បានចុះផ្សាយថា​ គណៈកម្មាធិការ​ខាងលើ​បន្តថា ការសម្រេចចិត្ត​ផ្តល់​វ៉ាក់សាំង ក៏ត្រូវ​ធ្វើឡើង​ពីព្រោះ​ចំនួន វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​ទទួលបាន គឺ​លើសពី​ចំនួន​ប្រជាជន​ម៉ាឡេស៊ី​ផងដែរ​។​ ចំណែកទាក់ទង​ការផ្ដល់​វ៉ាក់សាំង​ឱ្យ​ជនបរទេស​នេះ រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ពិចារណា​លើ​កត្តា​ជាច្រើន​។ ខណៈករណី​ឆ្លង​ច្រើន​ក្នុងចំណោម​កម្ម​ករបរ​ទេស ជា​ក្ដីបារម្ភ​ចម្បង​មួយ​របស់​ម៉ាឡេស៊ី ខណៈ​ជនបរទេស​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម សំណង់ និង​ឧស្សាហកម្ម​។

​គណៈ​ក​ម្មា​ធិ​ការ​ដដែល​ បានអះអាងបន្ថែមថា​៖«​វា​ក៏​ស្របគ្នា​នឹង​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ម៉ាឡេស៊ី​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទទួលបាន​នូវ​ភាពស៊ាំ​សហគមន៍​»​។

​គួរបញ្ជាក់ថា​ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០កន្លងទៅ​ បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​ចំនួន ១២,៨​លាន​ដូ​ស​របស់​ក្រុមហ៊ុន Pfizer និង​ដៃគូ​អាល្លឺម៉ង់ BioNTech ។ ក្រោយមក នៅ​ខែមករា ម៉ាឡេស៊ី​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទី​២ ជាមួយ Pfizer ដើម្បី​ទទួលបាន​វ៉ាក់សាំង ១២,២​លាន​ដូ​ស​បន្ថែមទៀត​។ រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ ក៏បាន​ចុះហត្ថលេខា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១៨,៤​លាន​ដូ​ស ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Gamaleya របស់​រុស្ស៊ី និង Sinovac ប្រទេស​ចិន​ផងដែរ​៕ដោយ៖ស​ តារា​

...

រូបភាព​៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print