លោក Gianni Infantinoបានជាប់ឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក(FIFA)ថ្មីបន្ទាប់ពីទទួលបានសម្លេងគាំទ្រចំនួន១០៥សម្លេងក្នុងការបោះឆ្នោតជុំទី២។
Gianni Infantinoមានវ័យ៤៥ឆ្នាំនិងជាអគ្គលេខាសហព័ន្ធបាលទាត់ទ្វីបអឺរ៉ុប (UEFA) បានទទួលជ័យជម្នះលើគូរប្រកួតធំគឺលោក Sheikh Salman bin Ebrahim Al Khalifaចំនួន២៧សម្លេងក្នុងចំណោមការបោះឆ្នោតទាំង២០៧ សម្លេង។
ចំណែកព្រះអង្គម្ចាស់ Ali bin al-Hussein របស់ប្រទេសហ្សកដានីបាន៤សម្លេងជាប់លំដាប់លេខ៣ និងលោក Jerome Champagneមិនទទួលបានសម្លេងគាំទ្រនោះទេ។
លោក Gianni Infantinoនឹងជំនួសតំណែងប្រធានចាស់គឺលោក Sepp Blatter ដែលបានដឹកនាំFIFAតាំងពីឆ្នាំ១៩៩៨ មកនោះ។ Sepp Blatter ត្រូវកាត់ទោសមិនឲ្យពាក់ព័ន្ធរាល់សកម្មភាពកីឡា៨ឆ្នាំ ក្រោយមកបន្ថយសល់៦ឆ្នាំ ជាមួយនឹងលោក Michel Platini អតីតប្រធាន UEFA ពីបទប្រព្រឹត្តអំពើពុករលួយ។
ក្រោយពីជាប់ជាប្រធានថ្មីលោក Gianni Infantinoបានថ្លែងប្តេជ្ញាថានឹងខិតខំស្តារមុខមាត់របស់FIFAឡើយវិញដោយសហព័ន្ធបាល់ទាត់ពិភពលោកបានជួបរឿងអាស្រូវពុករលួយនាពេលកន្លងមក។ គាត់បានថ្លែងថា “ខ្ញុំនឹងស្តារមុខមាត់ថ្មីរបស់FIFAវិញ ហើយអ្នករាល់គ្នានឹងអបអរសាទរចំពោះយើង។ FIFAបានឆ្លងកាត់ពេលវេលាដ៏លំបាក ក្រៀមក្រំ និងវិបត្តិផ្សេងៗ តែពេលវេលាទាំងនោះ កន្លងផុតទៅហើយ”។
Gianni Infantinoប្តេជ្ញាស្តារមុខមាត់FIFAក្រោយជាប់ជាប្រធានថ្មី
...