ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលចង្អុលចំរដ្ឋមន្ត្រីសំខាន់ៗ២ក្រសួង ត្រូវបានប្រជាពលរដ្ឋអបអរសាទរ ហើយថា ល្មមដល់ពេលដែលប្រមុខរដ្ឋាភិបាលត្រូវផ្លាស់ប្តូរហើយ ។ ច្បាស់ណាស់ថា លោករដ្ឋមន្ត្រីក្រសួងសាធារណការត្រាំ អ៊ីវតឹក ងាប់ត្រគៀកស្តូក ។ រីឯរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏«ស្ទក់ៗ!» មិនទៅមុខ បើទោះបីជាមានការបង្ហាញ ឬកង្វល់របស់ប្រជាពលរដ្ឋ ក៏ក្រសួងកសិកម្មរបស់លោករដ្ឋមន្ត្រីអ៊ុក រ៉ាប៊ុន នៅតែត្រជាក់ល្ហឹម ធ្វើដូចជាគ្មានអ្វីកើតឡើង ។
បទល្មើសនេសាទ ច្រើនគគោក ហេតុអ្វីលោករដ្ឋមន្ត្រីគ្មានចំណាត់ការសោះ? បទល្មើសព្រៃឈើច្រើនគគោក ហេតុអ្វីលោករដ្ឋមន្ត្រីគ្មានចំណាត់ការសោះ? បទល្មើសនេសាទ, បទល្មើសព្រៃឈើ ពិតជាបានកើតឡើងព្រោងព្រាត ហើយជាពិសេសមិនមែនលាក់បាំងដូចករណីជួញដូរគ្រឿងញៀននោះទេ ហេតុអ្វីបានជាក្រសួងកសិកម្មមើលមិនឃើញ? ព្រោះតែផលប្រយោជន៍ទេដឹង? បទល្មើសជួញដូរគ្រឿងញៀន ពួកឈ្មួញអាចធ្វើសកម្មភាពគ្រប់រូបភាព ចាប់តាំងពីការលាក់គ្រឿងញៀនក្នុងរន្ទគូថ, ដាក់ក្នុងស៊ុប, ដាក់ក្នុងនំបុ័ង្គ…តាមលទ្ធភាពដែលអាចលាក់បាំងពីភ្នែកសមត្ថកិច្ច ។ ប៉ុន្តែបទល្មើសនេសាទ ឈ្មួញប្រើឧបករណ៍នេសាទដែលអាចពិនិត្យមើលដោយភ្នែកទទេឃើញ, បទល្មើសព្រៃឈើ ឈ្មួញបានប្រើរថយន្តធំៗដឹកឈើ ដែលអាចមើលដោយភ្នែកទទេឃើញ ។ ហេតុអ្វីបានជាក្រសួងកសិកម្មគ្មានចំណាត់ការចំពោះបទល្មើសទាំងនេះ ។ ឬមួយក៏ថាមិនដឹង?
បើថ្នាក់ដឹកនាំក្រសួងកសិកម្មនិយាយថា មិនដឹងអំពីបទល្មើសដែលកើតឡើងនោះ ហាក់ដូចជាមិនសមរម្យសោះ ។ ក្រៅពីប្រជាពលរដ្ឋ ដែលរាយការណ៍នៅក្នុងវេទិកាសាធារណៈនានា នោះក៏នៅមានប្រព័ន្ធផ្សព្វផ្សាយនានា វិទ្យុ ទូរទស្សន៍ កាសែត ផ្សព្វផ្សាយព្រោងព្រាតអំពីបញ្ហាបទល្មើស ។ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថ្នាក់ដឹកនាំក្រសួងកសិកម្មនៅតែ«ត្រជាក់ល្ហឹម» ដដែល ។ ប្រជាពលរដ្ឋមើលឃើញថា ធនធានធម្មជាតិ ផ្នែកមច្ឆជាតិកំពុងរងហានិភ័យធ្ងន់ ព្រោះតែ ក្រសួងកសិកម្ម តាមរយៈរដ្ឋបាលជលផលធ្វើមិនដឹងមិនឮ ចំពោះបទល្មើសដែលកើតឡើងនៅតាមដងទន្លេមេគង្គ ក៏ដូចជាទន្លេសាប ។ ប្រសិនបើក្រសួងកសិកម្ម ឬរដ្ឋបាលជលផលមានចេតនាបង្ក្រាបបទល្មើស គេជឿថា មិនលំបាកឡើយ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ បើបង្ក្រាបបទល្មើស ប្រៀបដូចវាយឆ្នាំងបាយខ្លួនឯង ។
បន្ទាប់ពីប្រតិកម្មរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងទាំងពីរបានរួតរះបង្កើតឲ្យមានក្រុមអ្នកតាមដានបណ្តាញទំនាក់ទំនងហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ។ ល្អតើ! ប៉ុន្តែបើសិនជាមិនអនុវត្តឲ្យលឿនរហ័ស ប្រកបដោយប្រសិទ្ធភាព មិនបង្ក្រាបបទល្មើសទេនោះ វានៅតែជា «មួយដំបរ និង៤» ដដែលជាដដែល ។ បន្ទាប់ពីប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាល មិនទាន់ឃើញមន្ត្រីក្រសួងកសិកម្ម, រដ្ឋបាលព្រៃឈើ, រដ្ឋបាលជលផល ចាត់វិធានការបង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយ ។ ឬក៏យល់ថា គ្មានទេបទល្មើសនេសាទ, បទល្មើសព្រៃឈើ ។ ក្រៅពីតំបន់ដែលស្ថិតនៅក្រោមការបង្ក្រាបផ្ទាល់របស់គណៈកម្មការ ដឹកនាំដោយនាយឧត្តមសេនីយ៍សៅ សុខា បទល្មើសព្រៃឈើត្រូវគេរាយការណ៍ថា បានកើតមាននៅខេត្តកំពង់ធំ, សៀមរាប, ពោធិ៍សាត់ និងព្រះវិហារជាដើម ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ហើយថា ក្រសួងស្ថាប័ននីមួយៗតែងតែទាមទារយកអំណាច ប៉ុន្តែនៅពេលដែលបានអំណាចហើយនោះមិនព្រមយកទៅអនុវត្តនោះឡើយ ។ បែបនេះ វាពិតជា«ស្ទក់» ទៅមុខមិនរួចនោះមែន ។ តើរាជរដ្ឋាភិបាលគួរបន្តទុករដ្ឋមន្ត្រី«ស្ទក់ៗ» បែបនេះ ដើម្បីឲ្យប្រជាពលរដ្ឋតឹងចិត្តតទៅទៀតឬយ៉ាងណា? ក្នុងគ្រាដែលក្រសួងស្ថាប័ននានាកំពុងននះននៀល បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនោះ រាជរដ្ឋាភិបាលគួរតែវះកាត់សាច់«ស្ទក់ៗ» នេះចេញ ដើម្បីប្រសិទ្ធភាពការងារ ៕
ដោយ៖ នួន នរិន្ទ្រន៍