ភ្នំពេញ៖ នៅក្នុងជំនួបប្រកួតនិងសម្តែង ដែលគេប្រសិទ្ធនាមថា “រាត្រីយុទ្ធគុន” ដោយមានការចូលរួមពី សមាគប ក្លិបសាលាគុនចំនួន១១ប្រភេទផ្សេងៗគ្នាហើយ ជាលទ្ធផលដោយឆ្លងកាត់ការប្រកួត និងសម្ដែងរបស់កីឡាករកីឡាការិនីទាំង១១ប្រភេទកីឡា ត្រូវបាន គណៈកម្មការសម្រេចផ្ដល់ពិន្ទុជ័យលាភីលេខ១បានទៅលើក្បាច់គុនល្បុក្កតោ ខណៈដែលកីឡាតេក្វាន់ដូប្រភេទ ITF ជាប់លេខ២ និងកីឡាវ៉ូវីណាម ជាប់លេខ៣ កាលពីរាត្រីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក ណឹម សុវត្ថិ ប្រធានគណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍កម្ពុជា មានប្រសាសន៍ថា កម្មវិធី រាត្រីយុទ្ធគុនលើកទី២នេះ បង្កើតឡើងក្នុងគោលបំណង ឲ្យអ្នកចេះក្បាច់គុនទាំងអស់ រួបរួមគា្ន រឹតចំណងសាមគ្គីភាពគ្នា ហើយជាកម្មវិធីមួយផ្តល់ឱកាស ឲ្យកីឡាករកីឡាការិនី ដែលចេះក្បាច់គុនបុរាណមកពីប្រទេសផ្សេងៗគ្នាដែលមានវត្តមាននៅលើទឹក ដីកម្ពុជា បានបញ្ចេញសមត្ថភាព។
លោក ណឹម សុវត្ថិ បានបញ្ជាក់ថា កម្មវិធី រាត្រីយុទ្ធគុនគឺសរបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព ដើម្បីភាពរីកចម្រើន នៃកីឡាជាតិ ដោយមិនប្រកាន់ពីដើមកំណើតក្បាច់គុននីមួយៗ ។ លើសពីនេះ លោកក៏គ្រោងនឹង ពង្រីកវិសាលភាព រៀបចំកម្មវិធី «រាត្រីយុទ្ធគុន» នេះឲ្យកាន់តែធំនាឆ្នាំបន្ដ បន្ទាប់ទៀតផងដែរ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះជាលើកទី២ហើយ ដែលគណៈកម្មាធិការ កីឡាយុទ្ធសិល្ប៍កម្ពុជា និង NOCC សហការគ្នារៀបចំកម្មវិធី “រាត្រីយុទ្ធគុន”ដើម្បីជំរុញលើកទឹកចិត្ត កីឡាករកីឡាការិនី យុទ្ធគុន មានឱកាសបញ្ចេញ សមត្ថភាពទាំងការប្រកួត និងការសម្តែង ហើយក៏ដើម្បីរឹតចំណង សាមគ្គីភាពក្នុងរង្វង់ គ្រួសារកីឡាយុទ្ធគុនដែលមានសក្ដានុពល ។
កីឡាយុទ្ធគុនទាំង១១ប្រភេទនោះ មានដូចជាកីឡាហាប់គីដូ, ល្បុក្កតោ, តេក្វាន់ដូITF, តុងហ្គីលម៉ូដូ, ការ៉ាតេដូ, កេនដូ, អៃគីដូ, កូបូដូ, បញ្ចសីលា, វ៉ូស៊ូ និងវ៉ូវីណាម ៕
ដោយ៖ សារីម