ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវក្រាលកៅស៊ូមួយខ្សែម្តុំ អង្គរឃ្យុងយូ ជាប់ របងសាលាខេត្តថ្មី នោះបាននាំគ្នារិះគន់ទៅលើអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធថា គំនរសំរាមមួយពំនូកនៅក្បែរបងសាលាខេត្តនៅបង្អួតភ្នែកភ្ញៀវទេសចរណ៍ ដែលមិនឃើញមានខាងណា ចុះចាត់ការចេញនោះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា គំនរសំរាមនៅក្បែរបងសាលាខេត្តថ្មីនេះគេឃើញយូរហើយ មិនមានមន្ត្រីណាម្នាក់មកអើពើនោះទេ ចុះទម្រាំនៅតាមផ្លូវមួយចំនួនក្នុងក្រុងទេសចរណ៍មួយនេះ មានប៉ុន្មានកន្លែងទៀត។ កន្លងទៅគេមានការចុះសំអាតម្ដងម្កាលដែរ តែទាល់តែពលរដ្ឋនាំគ្នារិះគន់ទើបមានការចុះសំអាត ដែលករណីនេះ មានពាក្យគេថាចាំទាល់តែគេចាក់គូថទើបភ្ញាក់ខ្លួន។
ទាក់ទិនទៅនឹងករណីនេះដែរ លោកភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានថ្លែងប្រាប់ថា នៅក្នុងបរិវេណនៃឃ្យុងយូហ្នឹងយើងមានខាងអប្សរាគាត់ អ្នកទទួលខុសត្រូវសំអាត។ ការប្រមូលសំរាមក្នុងក្រុងសៀមរាប គឺយើងបានចែកហ្សូនគ្នាហើយ។
លោកបញ្ជាក់ថា ចាំមើលលោកទាក់ទងទៅក្រុងសិនដើម្បីឲ្យក្រុងប្រាប់ទៅខាងអប្សរា ចុះមកប្រមូល។
ចំណែកលោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរាបានថ្លែងដែរថា អាជ្ញាធរជាតិអប្សរាមានការព្រួយបារម្ភ ពីរឿងហ្នឹងដែរដោយបានប្រជុំ ហើយបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋកុំចោលសំរាមពាសវាលពាសកាល ក្នុងតំបន់ទេសចរណ៍ដែលធ្វើឲ្យប៉ះពាល់សោភណ្ឌភាពនៅក្នុងរមណីយដ្ឋានអង្គរ។
លោកបញ្ជាក់ថា ក្រុងសៀមរាប បានជាប់ចំណាត់ថ្នាក់ជា ជាទីក្រុងស្អាតនៅលើពិភពលោក និងជាក្រុងជម្រើសនៃគោលដៅទេសចរណ៍ផងដែរ ហេតុនេះគួរតែយើងទាំងអស់គ្នាកុំនិយាយថា ជាតួនាទីរបស់នរណានោះទេ គឺយើងគួរតែនាំគ្នាអប់រំដល់ពលរដ្ឋ និងដើម្បីប្រយោជន៍សាធារណៈទើបជាការប្រសើរសម្រាប់តំបន់ទេសចរណ៍ហើយ ខាង អាជ្ញាធរជាតិអប្សរាតែងដើរណែនាំឲ្យពលរដ្ឋជួយថែរក្សាអនាម័យក្នុង រមណីយដ្ឋានអង្គរឲ្យបានល្អ។
ចំណែកលោក សូ ប្លាតុង អភិបាលក្រងសៀមរាបមិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេដោយហៅចូលជាច្រើនដងតែគ្មានអ្នកទទួល។
យ៉ាងណាក្តី ពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ នឹងមិនព្រងើយកន្តើយទៀតនោះទេព្រោះអីក្រុងសៀមរាប គឺជាតំបន់បេះដូងទេសចរណ៍របស់កម្ពុជា៕
ដោយ៖ សហការី