ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ពិនិត្យឡើងវិញពីកម្រិតពិន័យនៅក្នុងអនុក្រឹត្យនេះផងដែរ ព្រោះវានៅទាបដែលនាំឱ្យបុគ្គលខ្លះមិនខ្លាចរអា។
បទបញ្ជា និងការណែនាំដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសារសំឡេងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បទបញ្ជា និងការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីពលករខ្មែរឆ្លងមកពីប្រទេសថៃមួយចំនួន បានព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក ដែលជាហានិភ័យដ៏ធ្ងន់ធ្ងរក្នុងការនាំជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារសំឡេងយ៉ាងដូច្នេះ «ទន្ទឹមនឹងពិនិត្យឃើញបងប្អូនភាគច្រើនដែលបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ក៏មានបងប្អូនយើងមួយចំនួនបានធ្វើដំណើរគេចវេសពីតំបន់ដែលត្រូវធ្វើចត្តាឡីស័កចូលមកផ្ទៃក្នុងប្រទេសដែលជារឿងមួយ ដែលមិនអាចនឹងមិនយកវិធានការផ្លូវច្បាប់បានទេ។ នោះគឺនៅត្រង់ថា ប្រសិនបើយើងបណ្តែតបណ្តោយតទៅទៀត គឺនឹងមានរឿងកាន់តែធ្ងន់ធ្ងរ ហើយល្ងាចម្សិលមិញនេះដើម្បីចៀសវាងការធ្វើចត្តាឡីស័ក ហើយដើម្បីគេចចេញពីកម្លាំងល្បាតនៅតាមព្រំដែនមានពលរដ្ឋខ្មែរយើងម្នាក់បានឆ្លងព្រំដែនហើយជាន់មីនដាច់ជើងនៅឯខេត្តបន្ទាយមានជ័យ។ បើសិនជាយើងនៅបន្តតទៅទៀតអាចនឹងមានបងប្អូនមួយចំនួនគ្រោះថ្នាក់រហូតដល់ស្លាប់ ឬពិការដូចជាម្សិលមិញនេះច្បាស់ជាពិការហើយ ព្រោះជើងនោះអាចនឹងត្រូវកាត់។ បន្ថែមលើនោះក៏អាចនឹងចម្លងមេរោគកូវីដ១៩ ពីក្រៅប្រទេសចូលមកក្នុងប្រទេស ដែលអាចនាំមកនូវគ្រោះមហន្តរាយសាជាថ្មីសម្រាប់ប្រទេសកម្ពុជារបស់យើង»។
ដើម្បីទប់ស្កាត់ចលនាគេវេសពីការធ្វើចត្តាឡីស័កនេះ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ការអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» គឺជាយន្តការមួយក្នុងការទប់ស្កាត់ចលនាគេចវេសនេះ។
អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដែលបានដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ត្រង់ជំពូកទី៥ ស្តីពីទណ្ឌកម្ម ក្នុងមាត្រា៨ បានចែងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណាដែលគេចវេសមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
ក្នុងមាត្រានេះ បានចែងទៀតថា ការទទួលពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេសពីការអនុវត្តវិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រសួងសុខាភិបាល និងមន្ត្រីនៅតាមមូលដ្ឋានអនុវត្តន៍នូវវិធានការច្បាប់នេះឱ្យបានតឹងរឹង។ «ដូច្នេះខ្ញុំសូមស្នើឱ្យក្រសួងសុខាភិបាល ក៏ដូចជាមន្ត្រីមូលដ្ឋានអនុវត្តន៍នូវមាត្រា៨ ទាក់ទងនឹងការផាកពិន័យអន្តរកាលសម្រាប់អ្នកដែលគេចវេសពីការធ្វើចត្តាឡីស័កនេះឱ្យខាងតែបាន»។
ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យពិនិត្យកែប្រែមាត្រា៨នេះផងដែរ ព្រោះកម្រិតនៃការផាកពិន័យនៅទាប ដែលអាចនាំឱ្យជនមានធនធានមិនខ្លាចរអា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើយ៉ាងដូច្នេះ «ពិន័យនេះគឺវាជាវិធានការស្រាលណាស់ ប្រសិនបើមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងជំងឺឆ្លង ក៏ប៉ុន្តែយើងចាត់ទុកថា រឿងនេះ គឺតម្រូវចៀសវាងមិនបាន។ ខ្ញុំគិតថា ស្នើសុំរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាចធ្វើការកែតម្រូវ ធ្វើវិសោធនកម្មមាត្រា៨ឡើងវិញ ដោយបង្កើនចំនួនការពិន័យនេះឱ្យមានការកើនឡើង ព្រោះថាការពិន័យតិចតួចយ៉ាងនេះ គឺអាចធ្វើឱ្យអ្នកមានប្រាក់ចំណូលច្រើនគួរសមនោះមិនខ្លាចជាមួយការបង់ប្រាក់នោះទេ ហើយសុំឱ្យពិនិត្យទៅលើបញ្ហាដទៃទៀតជាមួយក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ ហើយនឹងក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្ម ឬក៏រៀបចំអនុក្រឹត្យស្តីអំពីចត្តាឡីស័ក អំពីវិធានការសុខាភិបាល ដែលយើងបានមានរួចមកហើយនេះ។ ប៉ុន្តែពង្រឹងចំណុចទាក់ទិនជាមួយបញ្ហាការធ្វើចត្តាឡីស័កបន្ថែមទៀត ដើម្បីធានាថា យើងអនុវត្តន៍ទៅគឺមានប្រសិទ្ធភាព»។
តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យមានម៉ឺងម៉ាត់លើមេខ្លោងដែលនាំមនុស្សឆ្លងព្រំដែន ហើយគេចពីការធ្វើចត្តាឡីស័កផងដែរ។ សម្តេចតេជោ បានរំលឹកថា មានមន្ត្រីនគរបាលម្នាក់នៅច្រកឡែម មានការឃុបឃិតដោះលែងក្រុមនាំពលករឆ្លងដែនគេចពីការធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ក្រៅពីនោះខ្ញុំសូមចេញបទបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ចំពោះពួកមេខ្លោងដែលបាននាំមនុស្សឆ្លងកាត់ព្រំដែនដោយគេចផុតពីការធ្វើចត្តាឡីស័ក»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពលករឆ្លងពីថៃ ហើយចូលធ្វើចត្តាឡីស័កគិតត្រឹមយប់ថ្ងៃទី១៤ ខែកុម្ភៈ មានចំនួន ៣៥,៦៦៥នាក់។ ក្នុងនោះអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនទាំង៧ មានចំនួន ១១,៨៥៧នាក់។ក្នុងចំណោមអ្នកឆ្លងដែនពីប្រទេសថៃនេះ រកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ៨៩នាក់។
សម្រាប់អ្នកធ្វើចត្តាឡីស័កនេះ ក្នុងមួយថ្ងៃទទួលបានការឧបត្ថម្ភថវិកា ២ម៉ឺនរៀល ដោយមិនគិតពីការឧបត្ថម្ភទឹកបរិសុទ្ធ ឬមី ក៏ដូចជាសម្ភារប្រើប្រាស់ដទៃទៀតនោះឡើយ។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល បានចេញសេចក្តី ជូនដំណឹង ជុំវិញការរឹតបន្តឹងទៅលើពលករដែលចូលមកប្រទេសកម្ពុជា ដែលមិនបានធ្វើចត្តាឡីស័ក តាមសុខាភិបាលទេ គ្រូពិន័យចំនួន ១លានរៀល និងលើសពីនេះ រួមទាំងមានទោសបទល្មើសព្រហ្មទណ្ឌថែមទៀត។
ដោយក្រសួងសុខាភិបាលក៏ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការវិភាគមន្ទីរពិសោធន៍រកឃើញអ្នកមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជនជាតិបរទេសចំនួន ០៣នាក់ និងការណែនាំក្រើនរំលឹកអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ ១៩ នៅកម្ពុជា៕
ដោយ, សិលា