ភ្នំពេញ, សូមបញ្ជាក់ដល់ជនរួមជាតិឲ្យបានជ្រាបថា, អនុក្រឹត្យថ្មីស្តីពីការធ្វើចត្តាឡីស័កចេញហើយ ក្នុងអនុក្រឹត្យថ្មីបានសម្រេចបង្កើនការផាកពិន័យធ្ងន់ធ្ងរសម្រាប់អ្នកមិនអនុវត្តការធ្វើចត្តាឡីស័ក និងបានបញ្ចូលបន្ថែមពីការពិន័យចំពោះអ្នកផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្តវិធានចត្តាឡីស័កផងដែរ។
បើយោងតាមាត្រា៨ថ្មី បានចែងថា, អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។
សូមបញ្ជាក់ផងដែរថា, មាត្រា៨ថ្មីនេះ បានចែងទៀតថា ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល។ ការពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។
ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃទទួលបាន សេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។ ទម្រង់បែបបទនៃបង្កាន់ដៃពិន័យ និងការគ្រប់គ្រងប្រាក់ដែលបានមកពីការពិន័យអន្តរការណ៍ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្នុងមាត្រានេះចែងបន្តថា ការទទួលពិន័យអន្តរការណ៍នេះមិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវ ខាងព្រហ្មទណ្ឌផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។ ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
ក្នុងករណីដែលអ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនមិនព្រមអនុវត្តតាមបទប្បញ្ញត្តិនៃកថាខណ្ឌខាងលើ មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដើម្បីបដិសេធការចេញចូល ព្រះរាជាណាចក្រកម្ពុជា។
មាត្រា២៣ .រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សិលា