ខេត្តបាត់ដំបង, រដ្ឋបាលសាលាខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា, នៅរសៀលថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់កម្លាំងចម្រុះកំពុងឈរជើងអនុវត្តទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់យ៉ាងម៉ើងម៉ាត់តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។
បន្ទាប់ធ្វើការប្រជុំពិភាក្សា និងស្តាប់របាយការណ៍ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានផ្តល់ពីដុងជ័រចណុះ ២០ លីត្រ សម្រាប់ទឹកចំនួន ៣០០ ពីដុង និងធុងជ័រយួរទឹក ៣០០ ធុង ប្រគល់ជូនដល់កងកម្លាំងចម្រុះការពារព្រំដែន និងមណ្ឌលចត្តាឡីស័កតាមរយៈលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់តាមតម្រូវការចាំបាច់មួយចំនួន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញបន្តចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីពិនិត្យលទ្ធភាពបន្ថែម ស្នើរៀបចំបោះតង់បន្ថែមនៅក្នុងមណ្ឌលចត្តាឡីស័កណា ដែលមានទីធ្លាធំទូលាយ ជៀសវាងការបើកមណ្ឌលចត្តាឡីស័កថ្មីបន្ថែមទៀត ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស។
សូមជម្រាបជូនដែរថា គឹតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ពលករចូលសរុបមានចំនួនប្រមាណ ៨៤៥៣ នាក់ បានបញ្ចប់ចត្តាឡីស័កប្រមាណ ៤៣២៥នាក់ នៅសល់ក្នុងមណ្ឌលប្រមាណ ៣៥២១នាក់ផងដែរ៕
ដោយ, សិលា