Update: សម្តចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ចែករំលែក៖

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០១៦ នៅខេត្តព្រះសីហនុ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

មន្ទីរពេទ្យបង្អែកនេះ គឺជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនក្នុងការបំរើផ្នែកវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជាបានស្នើមកភាគីជប៉ុន នៅឆ្នាំ២០១១ និងបានទទួលការអនុម័តជាជំនួយឥតសំណងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (JICA) នៅឆ្នាំ២០១២ ក្នុងទឹកប្រាក់ ១ .៥៥៤.០០០.០០០ យេន ស្មើនឹង ១៥.៤៥០.០០០ ដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យ និងពង្រឹងសមត្ថភាពមន្ទីរពេទ្យនេះ ហើយដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២៩ កក្កដា ២០១៤ និងសាងសង់រួចរាល់ជាស្ថាពរនៅ ថ្ងៃទី ៣០ វិច្ឆកា ២០១៥។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន និងប្រជាពលរដ្ឋជប៉ុន ដែលបានផ្តល់ជំនួយឥតសំណងនេះ ដើម្បីបំរើប្រយោជន៍សេវាសុខាភិបាលរួមក្នុងខេត្តព្រះសីហនុនេះ។ ជំនួយពីប្រទេសជប៉ុនសម្រាប់ការសាងសង់មន្ទីរពេទ្យ និងទិញសំភារៈបរិក្ខារទាំងឡាយសម្រាប់មន្ទីរពេទ្យនេះ គឺបានដាក់ដេញថ្លៃគ្រប់គ្រងដោយភាគីជប៉ុនផ្ទាល់តែម្តង។ រាជរដ្ឋាភិបាលកម្ពុជាមិនបានទទួលថវិការដោយផ្ទាល់នោះទេ។ សម្តេចតេជោ ក៏បានលើកពីគុណសម្បតិ្តរបស់គ្រូពេទ្យល្អៗដែលកំពុងខិតខំបម្រើប្រជាពលរដ្ឋដោយគ្មានពេលឈប់សម្រាកប្រៀបបីដូចជាទាហាន ប៉ូលីសជាដើមដែលមានតួនាទីសំខាន់បំផុតក្នុងការការពារ និងជួយសង្គ្រោះជីវិតមនុស្សអោយផុតពីសេចក្តីស្លាប់។ ទន្ទឹមនិងនេះ ក៏មានគ្រូពេទ្យខិលខូចមួយចំនួនតូចដែលធ្វើអោយប៉ះពាល់កិត្តិយសគ្រូពេទ្យគេល្អៗផ្សេងទៀត ដូចជាមិនគោរពវិជ្ជាជីវៈពេទ្យ ប្រើពាក្យសំដីអសុរសទៅលើអ្នកជំងឺ និងគិតតែពីលុយជាដើម ។ល។

មុនពេលបញ្ចាប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានបំពាក់មេដាយកិត្តិយសជូនដល់ប្រធានអង្គការ JICA ជប៉ុន ព្រមទាំងបានកាត់ខ្សែបូរសម្ពោធអគារមន្ទីរពេទ្យបង្អែកនេះ និងបានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនេះ ព្រមទាំងបានថតរូបជាអនុស្សាវរីយ៍ជាមួយក្រុមគ្រូពេទ្យ យុវជន យុវនារី និងប្រជាពលរដ្ឋក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង៕

image

...

ដោយ៖ សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print