Updated: រថយន្ដ៥គ្រឿងបុកបន្ដកន្ទុយគ្នាដូចក្នុងរឿងហូលីវូដ

ចែករំលែក៖

ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើងរវាងរថយន្ដ៥គ្រឿងបុកបន្ដកន្ទុយគ្នាមើលទៅដូចជាគេថតកុនក្នុងរឿងហូលីវូដចឹងដែលកម្រមាននៅកម្ពុជា ។ ករណីនេះមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់ស្លាប់បាត់បង់ជីវិតឫរងរបួសនោះទេ ពោលគឺបានបណ្ដាលឲ្យខូចខាតរថយន្ដ៣គ្រឿងមធ្យម ២គ្រឿងទៀតខូចខាតតែបន្ដិចបន្តួចប៉ុណ្ណោះ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៦ ត្រង់ចំណុចភ្លើងស្ដុបគល់ស្ពានព្រែកហូរ ស្ថិតក្នុងភូមិតាក្ដុលខាងត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ។

ប្រភពពីមន្ត្រីនគរបាលចរាចរណ៏ក្រុងតាខ្មៅបានឲ្យដឹងថា រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខកំពង់ធំ 3A-0867 ជាប្រភេទរថយន្ដធន់ធំដឹកទំនិញ បើកបរដោយឈ្មោះ សួន ប៉ូច ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ រថយន្ដ៤គ្រឿងទៀតមាន ១-ម៉ាកកាមរីគូថស្វិត ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2B-0656 បើកបរដោយឈ្មោះ ឈឺន ចន្ដា មានទីលំនៅភូមិ៤ សង្កាត់ទួលទំពូង ខ័ណ្ឌចំការមន ២-ម៉ាកកាមរីឆ្លាម ពណ៍ឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2L-7609 បើកបរដោយឈ្មោះ ចាន់ សុជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ៣-រថយន្ដម៉ាកCRV ពណ៍ទឹកប្រាក់ និងទី៤-ម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៍ស្ក ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុរថយន្ដទាំង៤គ្រឿងកំពុងឈប់នៅស្ដុបគល់ស្ពានព្រែកហូររងចាំភ្លើងខៀវបើកបន្ដទៅមុខ ខណៈនោះស្រាប់តែរថយន្ដបង្កហេតុបើកមកពីទិសខាងត្បួងឆ្ពោះទៅជើងបុកគូថរថយន្ដកាមរីស្វិត ហើយរថយន្ដកាមរីស្វិតបានរុលទៅមុខបុករថយន្ដកាមរីឆ្លាម រថយន្ដកាមរីឆ្លាមបន្ដទៅមុខបុកចូលក្រោមគូថរថយន្ដCRVរុញទៅបុកគូថរថយន្ដហាយឡែនឌ័រមួយគ្រឿងទៀតទើបទៅមុខលែងរួច ។ ករណីនេះមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសឫស្លាប់បាត់បង់ជីវិតនោះទេ ពោលគឺបានធ្វើឲ្យខូចខាតរថយន្ដ៣គ្រឿងមធ្យម ២គ្រឿងខូចខាតបន្ដិចបន្តួច ។

ក្រោយពីមានហេតុការណ៏កើតឡើងរថយន្ដបង្កហេតុនិងរថយន្ដកាមរី២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៏ក្រុងតាខ្មៅធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែករថយន្ដCRVនិងរថយន្ដហាយឡែនឌ័រ ម្ចាស់មិនចង់វែងឆ្ងាយសុខចិត្ដចេញលុយជួសជុលដោយខ្លួនឯង ហើយបានសុំសមត្ថកិច្ចយករថយន្ដទៅបាត់អស់ទៅ ៕

image

image

image

image

image

image

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print