ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យឯកជនសួគ៌ា បន្ទាប់ពីជិះម៉ូតូស្កុបពីយ៉ាងលឿនទៅបុករថយន្ត Toyota Prius ឆ្លងកាត់ទទឹងផ្លូវពេញទំហឹង កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បុគ្គលិក ធនាគរ ABA ស្នាក់នៅ បុរីពិភពថ្មី កំបូល ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-7044 បានបេីកឆ្លងកាត់ទទឹងផ្លូវជាតិលេខ២ បម្រុងទៅទិសខាងជេីង ខណៈបានពាក់កណ្ដាលផ្លូវក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1HI -2612 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ហេីយបានជ្រុលបុករថយន្ត Toyota Prius ខាងលេីចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូបាក់ក រួញចូលគ្នា ឯរថយន្តរងការខូចខាត ។ ចំណែកឯជនរងគ្រោះម្ចាស់ម៉ូតូបានដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ធ្ងរហេីយត្រូវបានរថយន្តសាមុយរបស់មន្ទីពេទ្យឯកជនសួគ៌ា ដឹកយកសង្គ្រោះភ្លាមៗផងដែរ តែអកុសលជនរងគ្រោះរបួសធ្ងន់ពេកក៏បានដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យឯកជនសួគ៌ាតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ហេីយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងពីរគ្រឿងនោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមច្បាប់ ។ ចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ