អាមេរិក ដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា​ ពីររូបបន្ថែមទៀត ទាក់ទិននឹងរដ្ឋប្រហារ

ចែករំលែក៖

អន្តរជាតិ​៖​ មេទ័ព​យោធាមីយ៉ាន់ម៉ា​ ចំនួនពីររូបទៀតហេីយ ដែល​ជាប់​ទាក់ទិននឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈកន្លងទៅ​ ត្រូវ​បានសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ​ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២១​ ស្របពេលសហភាពអឺរ៉ុប ក៏បានត្រៀមរួចរាល់ក្នុងការដាក់ចេញវិធានការរឹតត្បិតលើរបបសឹក។ ដោយឡែក​ចក្រភព​អង់គ្លេស និងអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មី ឲ្យ​ដោះលែងលោកស្រីអ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំផ្សេងទៀត និងបញ្ឈប់ការបង្រ្កាបលើក្រុមបាតុករនៅមីយ៉ាន់ម៉ា។

បេីតាមការបញ្ជាក់របស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក មេដឹកនាំយោធាពីររូបនោះ​គឺមានលោកឧត្តមសេនីយ៍ Moe Myint Tun និងលោកឧត្តមសេនីយ៍ Maung Maung Kyaw មេបញ្ជាការទ័ពអាកាសដែលអ្នកទាំងពីរជាសមាជិករបបសឹកមីយ៉ាន់ម៉ា។

ជាក់ស្ដែង​ក្រសួងហិរញ្ញវត្ថុអាមេរិក បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ​ថា៖«របបសឹកត្រូវផ្លាស់ប្តូរសកម្មភាពរបស់ខ្លួន និងបង្កើតរដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាជាបន្ទាន់»។ ក្រសួងហិរញ្ញវត្ថុអាមេរិក បន្ថែមថា ប្រសិនរបបសឹកមិនផ្លាស់ប្តូរសកម្មភាពរបស់ខ្លួនទេ អាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតឡើយ។ ចំណែក​ទណ្ឌកម្មខាងលើ រាប់បញ្ចូលជាការបង្កកទ្រព្យសម្បត្តិ និងហាមប្រជាជនអាមេរិក រកស៊ីជាមួយក្រុមយោធា។

សូមជម្រាបថា​ សហរដ្ឋ​អាមេរិក កន្លងមកបានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាចំនួន១០រូបហើយ ក្នុងនោះមានដូចជា៖ លោកឧត្តមសេនីយ៍មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា, ប្រធានាធិបតីស្តីទី លោកMyint Swe និងមេដឹកនាំយោធាផ្សេងទៀត។

ជាមួយគ្នានេះ​ សហភាពអឺរ៉ុប ក៏បានព្រមានដាក់ទណ្ឌកម្មលើក្រុមយោធាផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការបរទេសសហភាពអឺរ៉ុប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការបរទេសប្រទេសមាជិកសហភាពអឺរ៉ុប ប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ចេញវិធានការឆ្លើយតបនឹងរដ្ឋប្រហារយោធា។ សហភាពអឺរ៉ុប កំពុងពិចារណាគោលនយោបាយរបស់ខ្លួនទាំងអស់ដែលទាក់ទិននឹងមីយ៉ាន់ម៉ា, ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ និងការអនុគ្រោះពន្ធជាដើម។

ជុំវិញបញ្ហានេះ​ដែរ​ លោក Dominic Raab រដ្ឋមន្រ្តីការបរទេសអង់គ្លេស​ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស បានជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ា ដោះលែងអ្នកឃុំខ្លួនទាំងអស់ រួមទាំងលោកស្រី ស៊ូជី និងគោរពឆន្ទះរបស់ប្រជាជន។ ដោយឡែក​ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានបញ្ជាក់ដូចអង់គ្លេសដែរ ដោយជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំទាំងអស់។

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ មានប្រទេសបីហើយ ដែលបានដាក់ទណ្ឌកម្មលើមេដឹកនាំយោធា ក្នុងនោះមានដូចជា៖ សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស និងកាណាដា។ ចំពោះ​ទណ្ឌកម្មទាំងនោះ គឺជាការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ចូលទឹកដីរបស់ពួកគេ៕ដោយ​៖ស​ តារា​

...

រូបភាព​៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print