សារព័ត៌មានរ៉យទ័រ បានផ្សព្វផ្សាយពីទិដ្ឋភាពដ៏ស្រស់ស្អាតមិនធ្លាប់មាន ក្រោយទឹកជ្រោះ Niagara ក្លាយទៅជាទឹកកកដោយសារតែអាកាសធាតុត្រជាក់ខ្លាំងពេក។
ទឹកជ្រោះ Niagara រួមមាន ៣កន្លែងផ្សេងគ្នាគឺទឹកជ្រោះមានឈ្មោះ Horseshoe នៅកាណាដា និងពីរទៀតនៅអាមេរិក ។ នៅពេលថ្មីៗនេះសារព័ត៌មានរ៉យទ័រ បានផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះ Niagara ដែលបានក្លាយទៅជាទឹកកក ស្ថិតនៅក្នុងទីក្រុងNiagara Falls រដ្ឋញូវយ៉កអាមេរិក ក្នុងពេលដែលអាមេរិកប្រឈមនឹងអាកាសធាតុត្រជាក់បំផុតមិនធ្លាប់មានរយៈពេល ២០ឆ្នាំកន្លងមក។
ទឹកជ្រោះក្លាយជាទឹកកក បង្កើតទៅជាផ្ទាំងទស្សនីយភាព ដ៏ស្រស់ស្អាត មើលទៅដូចជារូបគំនូរ ។ ទិដ្ឋភាពនោះបានទាក់ទាញអ្នកទេសចរជាច្រើនទៅទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ ដោយកម្រមានទិដ្ឋភាពបែបនេះណាស់។
កាលពីថ្ងៃទី ២១ខែកុម្ភៈអាកាសធាតុត្រជាក់យ៉ាងខ្លាំង ធ្វើឲ្យទឹកជ្រោះ Niagara ប្រែក្លាយទៅជាទឹកកក ។
ទឹកជ្រោះនៅ Bridal Vwil នៅអាមេរិកមានទទឹងដល់ទៅ ៣២៣ម៉ែត្រ និងកម្ពស់២២ម៉ែត្រ ដែលតែងតែហូរខ្លាំងគ្រប់រដូវកាល។ ប៉ុន្តែ ដោយសារអាកាសធាតុត្រជាក់ខ្លាំង មិនធ្លាប់មាននៅអាមេរិក គ្របដណ្តប់នៅរដ្ឋចំនួន៤៨ ក្នុងចំណោម៥០រដ្ឋទើបធ្វើឲ្យ ទឹកជ្រោះនោះក៏ត្រូវកកផងដែរ៕
ដោយ សាធី