នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ៖ កងកម្លាំងនគរបាលជាតិ ទូទាំងប្រទេសប្រមាណជាង៦ម៉ឺននាក់ ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភព ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់អោយដឹងថា,អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ឲ្យដឹងថា, កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ប្រមាណជាង៦ម៉ឺននាក់ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីនគរបាលទៅប្រជាពលរដ្ឋ ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែន។

ថ្លែងបញ្ជាក់ក្រុមអ្នកសារព័ត៌មាន ក្រោយដឹកនាំនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ គ្រប់ផ្នែក និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ មានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាមរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការទទួលយកការចាក់វ៉ាក់សាំងនេះ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ក្នុងប្រតិបត្តិការការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលក្នុងសហគមនាពេលបច្ចុប្បន្នផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គស្នងការរង ក៏បានថ្លែងអំណរគុណប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំង នាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យកងកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនេះ ខណៈបច្ចុប្បន្នកងកម្លាំងនគរបាលជាតិ ដែលចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ ៥០រូបហើយ ដែលកំពុងធ្វើចត្តាឡីស័ក្ក ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានមន្រ្តីនគរបាលណាម្នាក់ឆ្លងជំងឺកូវីដ-១៩នៅឡើយនោះទេ។

ទន្ទឹមនិងនេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលទទួលយកវ៉ាក់សាំងស៊ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន និងកុំចាញ់បោកការញុះញង់ពីជនមួយក្ដាប់តូច ដែលបំភ្លៃព័ត៌មានទាក់ទងទៅនឹងវ៉ាក់សាំងស៊ីណូហ្វាមនេះ។

សូមជម្រាបថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនទៅដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដោយអង្គភាពនីមួយៗត្រូវដឹកនាំកងកម្លាំងរបស់ខ្លួនមកទទួលវ៉ាក់សាំងស្របតាមការសម្របសម្រួលរបស់ក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print