ភ្នំពេញ ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំ Army to Army talk ( ATAT ) 2021 រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌូនេស៊ី តាមរយៈ Video conference ដែលជាកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យមើលលទ្ធផលដែលបានអនុវត្តលើអនុសារណៈយោគយល់ រវាងកងទ័ពជើងគោកប្រទេសទាំងពីរនាឆ្នាំកន្លងទៅ និងលើកទិសដៅបទពិសោធន៍សំរាប់អនុវត្តនាឆ្នាំបន្តទៀតដែលកិច្ចប្រជុំនេះបានដំណើរការទៅដោយមានការអញ្ជើញចូលរួមរវាងគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ចាការរងកងទ័ពជើងគោក ទទួលបន្ទុកការងារហ្វឹកហ្វឺនកងទ័ពជើងគោក និងប្រតិភូកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឧត្តមសេនីយ៍ទោ HARIANTO ជំនួយការនាយការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោកជាតិ ឥណ្ឌូនេស៊ី និងវត្តមានចូលរួមពីសំណាក់វរសេនីយ៍ឯក អ៊ិន អាយនិយោម៉ែនស៊ូកាណា អេស អ៊ី អ៊ឹម អ៊ឹម (Inf I Nyoman Sukasana S.E.M.M) ប្រធានការិយាល័យអនុព័ន្ធយោធាឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឪកាសនោះ កិច្ចប្រជុំបានធ្វើបទបង្ហាញស្តីពីលទ្ធផលជុំវិញសកម្មភាពកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងបទបង្ហាញស្តីពីសកម្មភាពកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២១-២០២២ រវាងកងទ័ពជើងគោក នៃខភម និងកងទ័ពជើងគោកជាតិ ឥណ្ឌូនេស៊ីជាបន្តបន្ទាប់ ។
ក្នុងនាមមេបព្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានគូសបញ្ជាក់ថា អនុសារណៈយោគយល់MOU រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកជាតិ ឥណ្ឌូនេស៊ី បានអនុវត្តប្រកបដោយជោគជ័យ និងទទួលបានផ្លែផ្កាវិជ្ជមាន ថ្វីត្បិតតែជំងឺកូវីដ-១៩ និងជំងឺកូវីដប្រភេទថ្មី កំពុងរីករាលដាលគួរឲ្យបារម្ភ តែពុំមានជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តការនៃកងទ័ពប្រទេសទាំងពីរនោះឡើយ ។ លោកបានថ្លែងអំណរគុណដល់កងទ័ពជើងគោកជាតិ ឥណ្ឌូនេស៊ី បានជួយបណ្តុះបណ្តាលធនធានមនុស្ស កងយោធពលខេមរភូមិន្ទ លើច្រើនជំនាញ ។
ជាទិសដៅនាឆ្នាំបន្ត ២០២១-២០២២ កងទ័ពជើងគោកប្រទេសទាំងពីរកម្ពុជា ឥណ្ឌូនេស៊ី បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ដោយឈរលើស្មារតី សាមគ្គី កិច្ចសហការរឹងមាំ យោគយល់ និងជឿជាក់គ្នាទៅវិញ ទៅមក នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកប្រទេសទាំងពីរ នឹងទទួលបានលទ្ធផលត្រចះត្រចង់ថែមទៀត ៕
ដោយ, សិលា