ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០ ២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន អនុញ្ញាតឲ្យលោកស្រី ម៉ារៀ អ៊ែម៌លីតា ស៊ី. អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតតែង តាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះ លោកស្រីដែលត្រូវ តែងតាំងជា ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការ ត្រៀមផ្តល់កិច្ចសហការពេញលេញរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដល់លោកស្រី ក្នុងការបំពេញបេសកកម្មឱ្យទទួលបានជោគជ័យ។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីរីករាយ ចំពោះទំនាក់ទំនងទ្វេភាគីល្អប្រសើរលើគ្រប់វិស័យ មានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ ខ្ពស់រវាងប្រទេសទាំងពីរ ជាដើម។
លោកស្រីឯកអគ្គរដ្ឋទូត បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ និងគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរ ហើយបានផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងធុរៈជនហ្វីលីពីន ដែល កំពុងប្រកបការងារនៅកម្ពុជា។ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋហ្វីលីពីនមួយចំនួនត្រឡប់ទៅប្រទេសហ្វីលីពីនវិញ។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការ ចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន (Joint Commission for Bilateral Cooperation JCBC) លើកទី៣នៅកម្ពុជានៅក្នុងឆ្នាំនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
សម្រាប់វិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែទំហំរបស់វានៅមានកំរិតតិចតួចនៅឡើយ បើប្រៀបធៀបជាមួយសក្តានុពលនៃ ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចចរចាដើម្បីឈានដល់ការបញ្ចប់លើសេចក្តីព្រាងនៃ កិច្ចព្រមព្រៀង ស្តី ពីការជៀសវាងការយកពន្ធត្រួតគ្នា (Agreement on the Avoidance of Double Taxation) ឱ្យបានឆាប់ ក្នុងគោលបំណងពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។ ឆ្លៀតឱកាស នោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើ លោកស្រីឯកអគ្គរដ្ឋទូត ជំរុញវិនិយោគិនហ្វីលីពីនមក វិនិយោគទុនលើឃ្លាំងស្តុកទុកស្រូវអង្ករ និងម៉ាស៊ីនកិនស្រូវដើម្បីនាំអង្ករទៅហ្វីលីពីន។
លើ វិស័យអាកាសចរណ៍ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន លោកស្រី ថាក្រោយវិបត្តិជំងឺ កូវីដ-១៩ បានធូរស្រាល ជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរនឹងត្រូវពិចារណាឱ្យបើកដំណើរការឡើង វិញដើម្បីជំរុញវិស័យទេសចរណ៍ និងវិនិយោគនៃប្រទេសទាំងពីរ។
សម្រាប់វិស័យការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយដោយបានឃើញកិច្ច ដំណើរការប្រកបដោយផ្លែផ្កាក្នុងការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការការពារ ជាតិ ។ កាលពីខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយសមាសភាគី ហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនង រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ។
សម្រាប់វិស័យអប់រំ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីនដែល បានផ្តល់ និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជាដែលផ្តោតលើការបណ្តុះបណ្តាល ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលមានប្រយោជន៍ជាក់ស្តែងដល់ប្រទេសជាតិ។
លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងជាថ្មីនូវការគាំទ្ររបស់រដ្ឋាភិបាលហ្វីលីពីនដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅកម្ពុជានាឆ្នាំ២០២១នេះ។
ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិកម្ពុជា (NIDIR) ជាមួយវិទ្យាស្ថានការទូតហ្វីលីពីន (FSI) ផ្អែកលើអនុស្សរណៈយោគយល់ គ្នាដែលមានស្រាប់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីការទូត៕
ដោយ, សុខ ខេមរា