ភ្នំពេញ, ពួកគាត់ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីពួកយើង។ ដើម្បីពួកគាត់វិញ ចូរយើងរួមគ្នារក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យខ្លួនប្រាណ (លាងសម្អាតដៃ) ឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ។ ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។
សូមជូនពរឲ្យជនរួមជាតិទាំងអស់ បានជួបប្រទះតែសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ពិសេសសូមសម្តែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា មិនថាយប់ ឬថ្ងៃ ចាកចោលពីក្រុមគ្រួសារ សាច់ញាតិ មកបំពេញបេសកកម្មយកសំណាក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលកម្ពុជាយើងបាន នឹងកំពុងប្រយុទ្ធប្រឆាំង នឹងទប់ស្កាត់ការរីករាលដាលជាសហគមន៍។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានកំពុងបន្តការងារយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់សំខាន់ៗ ក្នុងទឹកដីរាជធានីភ្នំពេញបន្ថែមទៀត ៕
ដោយ, សិលា