ភ្នំពេញ, នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីវិធានការសម្រាប់អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង អប់រំ យុវជន និងកីឡាសូមណែនាំដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម:
រាល់បេសកកម្មក្នុងប្រទេសត្រូវផ្អាករយៈពេល ០២ សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះ តទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយល់ព្រមពី លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវអនុវត្តតាមបែបអនឡាញទាំងស្រុង អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាព សុខភាពមន្ត្រីរបស់ខ្លួន ក្នុងករណីបុគ្គលិកអប់រំរូបណាមានការសង្ស័យ ឬមានរោគសញ្ញាស្រដៀងនឹង ជំងឺកូវីដ ១៩ ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ ១១៥ ដើម្បីពិគ្រោះយោបល់ និងផ្តល់ព័ត៌មានមកអង្គភាព ដើម្បីរាយការណ៍មកក្រុមការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជននិងកីឡា (នាយកដ្ឋានរដ្ឋបាល)។
ទទួលបានសេចក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមតាមដានជាប្រចាំនូវការផ្សព្វផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ៕
ដោយ, សិលា