ភ្នំពេញ៖ស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា កាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ដោយរៀបរាប់ប្រាប់សមត្ថកិច្ចថា ផ្ទះរបស់គាត់ត្រូវចោរគាស់ដំបូលចូលលួចយកលុយ និងទូរស័ព្ទ បើគិតជាទឹកប្រាក់ប្រហែលជាង២០០០ដុល្លា ។
ស្ត្រីរងគ្រោះឈ្មោះ នីម គីមហៀក អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោងប្រមាណ២១ យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ រូបគាត់ និងប្តី ព្រមទាំងកូនៗ ក្រោយពីទទួលទានអាហារពេលល្ងាចរួច ក៏នាំគ្នាចូលដេកតាមកន្លែងរៀងៗខ្លួន ដោយរូបគាត់ ទុកកាបូបលុយ និងទូរស័ព្ទចំនួន៣គ្រឿង នៅក្បាលដំណេក។
ស្ត្រីរងគ្រោះរៀបរាប់ប្រាប់បន្តថា លុះដល់វេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ រូបគាត់ដឹងខ្លួន ស្រវ៉ារកទូរស័ព្ទ និងកាបូបលុយ ស្រាប់តែបាត់ពីកន្លែង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសាររបស់គាត់ទាំងអស់នាំគ្នាដើររក ក៏ឃើញប្រហោងនៅលើដំបូងផ្ទះ ទើបពួកគាត់សន្និដ្ឋានថា ប្រាកដជាមានចោរគាស់ដំបូលចូលលួចយក។
ស្ត្រីរងគ្រោះប្រាប់បញ្ជាក់ឲ្យដឹងថា ទ្រព្យសម្បត្តិដែលត្រូវក្រុមចោរគាស់ដំបូងផ្ទះចូល លួចយកទៅបាត់អស់នោះ រួមមាន លុយចំនួន ២៥០០ដុល្លា និងទូរស័ព្ទដៃចំនួន៣គ្រឿង ហើយបន្ទាប់ពីកើតហេតុ រូបគាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីតាមស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្តន្ទទោសតាមច្បាប់។
មតិប្រជាពលរដ្ឋបានលើកឡើងថា មួយរយះពេលនេះ នៅក្នុងភូមិសាស្ត្រខណ្ឌសែន សុខទាំងមូល ឧស្សាហ៍កើតមានបទល្មើសច្រើនណាស់ ទាំងករណីឆក់ ប្លន់ លួច គាស់ កាច់ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់អស់ទ្រព្យសម្បត្តិជាច្រើន ។ ចំណែកជនល្មើស ពេលដែលធ្វើសកម្មភាពហើយ តែងតែគេចខ្លួនបាត់ស្រមោល មិនដែលឃើញសមត្ថកិច្ចតាមស្រាវជ្រាវឃាត់បានមួយករណីឡើយ។ ប្រការទាំងនេះប្រជាពលរដ្ឋមានការភ័យខ្លាចគ្រប់ៗគ្នា ដូច្នេះពួកគាត់ សូមសំណូមពរទៅសមត្ថកិច្ច ទាំងនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ ក៏ដូចជាអាវុធហត្ថមូលដ្ឋាន មេត្តារឹតបន្តឹងការល្បាតបន្ថែមទៀត ដើម្បីរក្សាឲ្យបាននូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុច នៅក្នុងមូលដ្ឋាន៕