កម្ពុជានៅសល់៨០០ថ្ងៃ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជានៅសល់ពេល៨០០ថ្ងៃគត់ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយពីកម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយជាផ្លូវការ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានគូសបញ្ជាក់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឲ្យគណៈកម្មការជំនាញទាំងអស់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រួចគោលដៅ ឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះសីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យ។ «មកដល់ថ្ងៃនេះ គឺយើងនៅសល់៨០០ថ្ងៃ ដូច្នេះយើងត្រូវដាក់គោលដៅមុតស្រួច ស៊ីជម្រៅ ព្រមទាំងភាពប្រកដប្រជាទៅគ្រប់ជំនាញទាំងអស់ ដោយត្រូវធ្វើការឲ្យបានហ្មត់ចត់ ត្រៀមខ្លូនធ្វើផែនការយុទ្ធសាស្ត្រ ធ្វើកម្មវិធីលម្អិតទាំងអស់ សម្រាប់ពេលវេលាដែលនៅសល់៨០០ថ្ងៃនេះ ដើម្បីឲ្យកាន់តែប្រកដប្រជាថានឹងត្រូវតែធ្វើឲ្យបានជោគជ័យនៃការរៀបចំការប្រកួត កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ នៅក្នុងដំណាក់កាលនេះ យើងបន្តការប្រឹងប្រែងតាមពេលវេលាជាក់ស្តែងជាបន្តបន្ទាប់»។

លោកអគ្គលេខាធិការ CAMSOC បន្ថែមថា នៅក្នុងពេលវេលានៅសល់ ៨០០ ថ្ងៃនេះយើងកាន់តែខិតខំបង្កើនគុណផលកីឡា ដោយលោកបានអំពាវនាវដាស់តឿនដល់កីឡាករ កីឡាការិនី គ្រូបង្វឹកគ្រប់ប្រភេទកីឡា ទាំងអស់សូមស្វែងរកលទ្ធភាពក្នុងការហ្វឹកហាត់ឲ្យកាន់តែមុតស្រួចខ្លាំងក្លា ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដោយធ្វើយ៉ាងណាបង្កើនឲ្យបាននូវសិទ្ធផលរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះឯកឧត្តមក៏បានក្រើនរំឭកដល់មន្ត្រីកីឡា និងភាគីពាក់ព័ន្ធទាំងអស់បន្តរាប់ថយក្រោយ និងចូលរួមធ្វើកិច្ចការនានា ដើម្បីធ្វើឲ្យប្រកដប្រជានៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឲ្យដំណើរការដោយរលូន និងជោគជ័យជាជំហានផងដែរ។

បច្ចុប្បន្ន ស្លាកសញ្ញា (LOGO) និមិត្តសញ្ញា (Mascot) និងបាវចនាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «កីឡារស់ក្នុងសន្តិភាព-SPORTS LIVE IN PEACE» កំពុងត្រូវបានប្រើប្រាស់ និងបញ្ជ្រាបការផ្សព្វផ្សាយ បន្ទាប់ពី CAMSOC បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពិធីរាប់ថយក្រោយ ១០០០ថ្ងៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការ មានចំនួន១០០០ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣៕

...

ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print