មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋលើកឡើងថា មន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាន គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសកាប់ឈើយ៉ាងអាធិបតេយ្យ។ ប្រសិនបើគេមានឆន្ទៈ ពិតប្រាកដក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តកំពង់ឆ្នាំង គួរតែចាត់វិធានការទៅលើមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ជាមុនសិន ។
តាមការអះអាងពីអ្នកភូមិដែលស៊ីឈ្នួលចូលទៅកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានឲ្យដឹងថា បើចង់ចូលទៅកាប់ឈើក្នុងតំបន់នោះ ត្រូវបង់ឲ្យមន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃក្នុងរណារត្រង់ស៊ីន័រ១គ្រឿង២០ម៉ឺនរៀល ប្រេងសាំង១ប៊ីដុង៣០លីត្រត្រូវបង់២០ម៉ឺនរៀល ហើយបើអស់ប្រេងចុះមក១ប៊ីដុងទៀតត្រូវបង់២០ម៉ឺនរៀលថែមទៀត។ ប្រភពបានឲ្យដឹងទៀតថា នៅពេលដឹកឈើចេញពីព្រៃពួកគេត្រូវបង់ក្នុង១រទេះឬ១គោយន្ត១០ម៉ឺនរៀលឲ្យមន្ត្រីបរិស្ថាន និង៨ម៉ឺនរៀលទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើទើបមិនបង្ក្រាប។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឲ្យដឹងទៀតថា នៅពេលអារច្រៀកឈើរួចក្រុមជនល្មើសបានអូសឈើទាំងនោះមកដាក់នៅចំណុចចិនយំ ឬចំណុចរង្វង់មូលនៅលើភ្នំឱរ៉ាល់ ទើបយករទេះនិងគោយន្តទៅដឹកជញ្ជូនមកទុកក្នុងភូមិ។
ក្នុងចំណោមអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើក្នុងព្រៃការពារដែនជម្រកសត្វភ្នំឱរ៉ាល់នោះ លោក បឿ ប៊ុនថន នាយកការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងជាអនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង គឺជាអ្នកទទួលខុសត្រូវធំជាងគេ ព្រោះបណ្ដោយឲ្យកូនចៅក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត។
ព្រោះមួយរយៈពេលចុងក្រោយនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែបន្តកើតឡើងយ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាបន្ទាន់ ហើយត្រូវចាត់វិធានការតាមច្បាប់ទៅលើមន្ត្រីពាក់ព័ន្ធដើម្បីជាការព្រមានផងដែរ ៕