ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ សាធារណជន និងជនបរទេស ដែល កំពុងស្នាក់នៅ ប្រកបរបរអាជីវកម្មគ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុ ឱ្យបានជ្រាបថា៖ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេសដែលស្នាក់នៅខេត្តព្រះសីហនុមាន វិជ្ជមានវីរុស កូវីដ-១៩ កើនឡើងដល់ចំនួន ៨នាក់។ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចផ្អាកសកម្មភាពអាជីវកម្មលើទី តាំងពាក់ព័ន្ធចំនួន ៦កន្លែង រួមមាន៖
-សណ្ឋាគារជីនប៉ីទាំង ៣សាខា
-អគារស្នាក់នៅរួមវាន់យ៏តឹងរបស់ក្រុមហ៊ុន ជីនប៉ី សណ្ឋាគារ ហ័ងហ្គីនជាយី (Crowne Plaza) និងអគារស្នាក់នៅរួម វីន ត្បូឈីរ ខុនដូ-អាជីវកម្ម ក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មកដល់ពេលនេះក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុ សំណាកតេស្តពីអ្នកពាក់ព័ន្ធជាមួយទីតាំងទាំងអស់ខាងលើសរុបចំនួន ១៥៦២នាក់ ស្រីចំនួន ៥០៣នាក់។
ដោយសារកំណើនអ្នកឆ្លងវីរុសកូវីដ-១៩មានការកើនឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ ហើយក្រុម ឆ្លើយតបបន្ទាន់កំពុងមមាញឹកយកវត្ថុសំណាកតេស្តពីអ្នកសង្ស័យមានចំនួនច្រើនឡើងៗ។ ដូចនេះដើម្បីទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋ សាធារណជន និងជនបរទេស ដែលកំពុងស្នាក់នៅ ប្រកបរបរអាជីវកម្មគ្រប់ប្រភេទ ក្នុងខេត្តព្រះ សីហនុ ដូចខាងក្រោម៖
១-អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖
– ៣ ការពារ គឺ ៖ ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល (ចាប់ពី ១,៥ម៉ែត្រឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់)។
– ៣ កុំ គឺ ៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ , កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះ ពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នា… ជាដើម។
២-កុំធ្វើដំណើរចល័តពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងៗទៀត ឬពីក្រុង ស្រុកនានាចូលមកក្រុងព្រះសីហនុ ត្រូវស្នាក់នៅផ្ទះ នៅកន្លែងធ្វើការ បើមិនមានការចាំបាច់កុំចេញក្រៅ។
៣-ក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សូមមកពិនិត្យសុខភាព យកវត្ថុសំណាកតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សុខ ខេមរា