អន្តរជាតិ៖ បេីតាមការអះអាងរបស់លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងជំនួបរវាងលោក និងលោកWunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មិនមែនមានន័យថា លោកគាំទ្ររបបសឹកឡើយ គឺគ្រាន់តែស្តាប់ការវិវត្តស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ បានគូសបញ្ជាក់ថា៖ «វាមិនមែនមានន័យថា ខ្ញុំគាំទ្រអ្វីឡើយ។ គាត់មិនបានស្នើខ្ញុំដែរ។ ខ្ញុំគ្រាន់តែស្តាប់ពីអ្វី ដែលគាត់ប្រាប់ខ្ញុំប៉ុណ្ណោះ»។ ប្រមុខរដ្ឋាភិបាលថៃរូបនេះ បន្ថែមថា វិបត្តិនៅមីយ៉ាន់ម៉ា ជាបញ្ហានយោបាយរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះ។ យ៉ាងណា លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ឈានជើងឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យឱ្យបានឆាប់បំផុត។
ជាក់ស្ដែងនាយករដ្ឋមន្រ្តីថៃ លោកប្រយុទ្ធ និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោកWunna Maung Lwin មានជំនួបមួយនៅថ្ងៃទី២៤ ខែកុម្ភៈ អំឡុងពេលទស្សនកិច្ចលើកដំបូងនៅបរទេសរបស់រដ្ឋមន្ត្រីការបរទេសរបបសឹក។ ដោយនាយករដ្ឋមន្រ្តីថៃ ការពារជំនួបនេះថា គ្រាន់តែជាការស្តាប់ស្ថានការណ៍នយោបាយ និងស្ថានភាពនៅមីយ៉ាន់ម៉ា។
សូមជម្រាបថា ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ជុំវិញបញ្ហារឿងមីយ៉ាន់ម៉ានេះដែរ ចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត លើមេដឹកនាំមីយ៉ាន់ម៉ាចំនួន ៦នាក់ ក្នុងនោះក៏មានលោក មីន អ៊ុងឡាំង ផងដែរដើម្បីឆ្លើយតបនឹងការបំពានសិទ្ធិមនុស្ស និងរដ្ឋប្រហារ។ ទណ្ឌកម្មនេះដែលប្រកាសក្រសួងការបរទេសរួមមានការហាមឃាត់ក្រុមហ៊ុនអង់គ្លេស មិនឱ្យរកស៊ីជាមួយក្រុមហ៊ុនគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ។ ខណៈដែលទណ្ឌកម្មរបស់អង់គ្លេសលើកមុន មិនមានឈ្មោះលោក មីន អ៊ុងឡាំង ឡើយ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននៅមីយ៉ាន់ម៉ា ប្រជាជននៅតែបន្តធ្វើបាតុកម្មប្រឆាំងក្រុមយោធា ដែលទម្លាក់រដ្ឋាភិបាលស៊ីវិល។ ចាប់តាំងពីរដ្ឋប្រហារយោធាមក មនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើន ១០០នាក់ បានរងរបួស ដោយសារតែប៉ូលិស បានបាញ់គ្រាប់កាំភ្លើងពិត គ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងចំពាមជាដើម៕ដោយ៖ស តារា
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា
(រូបភាព៖ Xinhhua)