រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ពលករដែលវិលត្រឡប់ពីប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ, រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤:០០ នាទី រសៀល មានករណីស្លាប់ពលករជាអ្នកជំងឺបានវិលត្រឡប់ ពីប្រទេសថៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិរំដេង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានទទួល មរណៈភាព។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា ពលករជាអ្នកជំងឺខាងលើ បានវិលត្រឡប់ចូលមកកម្ពុជាតាមច្រកចំបក់ ស្រុកម៉ាឡៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៣:១៥ នាទី ទៀបភ្លឺ ដោយពិនិត្យឃើញ ស្ថានភាពសុខភាពខ្សោយខ្លាំង មិនអាចដើរបាន ហើយត្រូវបានគ្រូពេទ្យប្រចាំការបានបញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព។ តាមការពិនិត្យ និងសួរប្រវត្តិអ្នកជំងឺបានបញ្ជាក់ថា គាត់ទៅធ្វើការ និងរស់នៅប្រទេសថៃជាកម្មកររោងចក្ររយៈពេលជិត ៣ឆ្នាំ មានប្រវត្តិជក់បារី ពិសាស្រា គាត់ធ្លាប់បានទទួលការព្យាបាលជំងឺរបេងសួតនៅប្រទេសថៃ អស់រយៈពេល ២សប្តាហ៍ មុនមកដល់ប្រទេសកម្ពុជា (មានញ័របេង ជាប់មកជាមួយអ្នកជំងឺ)។ ស្ថានភាពអ្នកជំងឺមានអាការៈឈឺក្បាល អស់កម្លាំង វិលមុខ ចុកពោះ និងកួតជាញឹកញាប់ក្រោយទទួល ទានអាហារ។ បន្ទាប់ពីការពិនិត្យ ក្រុមគ្រូពេទ្យបានផ្តល់ការព្យាបាល និងតាមដានសុខភាពអ្នកជំងឺជាបន្តបន្ទាប់ ដោយឃើញសភាពអ្នកជំងឺមិនបានធូរស្បើយ ទើបគ្រូពេទ្យបានបញ្ជូនអ្នកជំងឺមកបន្តការព្យាបាលនៅមន្ទីរពេទ្យ ខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២០:២៥នាទី យប់។ សភាពអ្នកជំងឺពេលមកដល់មន្ទីរពេទ្យខេត្ត អ្នកជំងឺមានរោគសញ្ញាឈឺក្បាលខ្លាំង, កួត, វង្វេងស្មារតី,រឹងកញ្ចឹងក ដែលជារោគសញ្ញានៃការរីករាលដាលមេរោគរបេង បង្កជាការរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ។ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ព្យាបាល និងសង្គ្រោះអ្នកជំងឺតាមលក្ខណៈបច្ចេកទេស រហូតមកដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣:១៥នាទី រសៀល សភាពរបស់អ្នកជំងឺកាន់វិវត្តន៍ធ្ងន់ធ្ងរទៅមុខជាលំដាប់ ទោះបីក្រុមគ្រូពេទ្យខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ នៅតែមិនអាចជួយ អ្នកជំងឺបានឡើយ ហើយ អ្នកជំងឺក៏បានទទួលមរណៈភាព នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤:០០ នាទី រសៀល ដោយមូលហេតុជំងឺរលាកស្រោមខួរក្បាល និងជំងឺរបេងសួត (Méningite et Tuberculose pulmonaire) ។ រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនផងដែរថា ករណីបុរសជាប្រជាពលករដែលទទួលមរណភាពខាងលើ មិនមែនស្លាប់ដោយសារ ជំងឺកូដ-១៩ទេ។
រដ្ឋបាលខេត្ត សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print