កម្លាំងប៉ូលិសថៃបានប្រើប្រាស់ រថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដែលកំពុងដង្ហែក្បួនទៅកាន់វិមាននាយករដ្ឋមន្ត្រី នៅទីក្រុងបាងកក។ ក្រៅពីនេះកម្លាំងប៉ូលិសថៃក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករផងដែរ ។
សារព័ត៌មាន Channel News Asia បានផ្សាយថា កម្លាំងប៉ូលិស ថៃបានប្រើប្រាស់គ្រាប់បែកផ្សែង រថយន្តបាញ់ទឹក បំបែកហ្វូងបាតុករនៅថ្ងៃទី២៨ ខែកុម្ភៈ នៅមុខវិមាននាយករដ្ឋមន្ត្រី។ ក្រុមបាតុករប្រមាណ២០០០នាក់ ដង្ហែក្បួនពីទីលានប្រជាធិបតេយ្យទៅកាន់វិមាននាយករដ្ឋមន្ត្រី ជាកន្លែងដែល លោកប្រាយុទ្ធ ចាន់អូចា ធ្វើការ។
កាលពីថ្ងៃទី២៨ខែកុម្ភៈ ភាពចលាចលកើតឡើង ក្រោយក្រុមបាតុករត្រូវឧស្ម័នបង្ហូរទឹកភ្នែក ស្រែករកទឹកនិងទឹកអម្ពិលដើម្បី លុបមុខ ។ បាតុករមួយចំនួនបានពាក់អាវភ្លៀង ហើយលើកម្រាមដៃ៣ឡើងទៅលើជានិមិត្តរូបរបស់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ។
ក្រុមបាតុករថៃ បានចាប់ផ្តើមធ្វើបាតុកម្មតាំងពីខែកក្កដា ឆ្នាំ២០២០ ដោយបានទាក់ទាញមនុស្សជាច្រើនចូលរួមធ្វើបាតុកម្ម ។ ប៉ុន្តែមួយរយៈក្រោយមកបានស្ងប់ស្ងាត់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់។
កាលពីខែមករា មេដឹកនាំបាតុករ៤នាក់ ត្រូវកម្លាំងសន្តិសុខចាប់ខ្លួន ដោយចោទប្រកាន់ពីបទរំលោភមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌនិងបទចោទប្រកាន់ពីបទរំខានក្នុងមាត្រា ១១៦ បន្ទាប់ពីបានចូលរួមធ្វើបាតុកម្មនៅបរិវេណសាកលវិទ្យាល័យ Thammasat កាលពីខែកញ្ញាកន្លងទៅដែលបានធ្វើឱ្យប្រជាជនមានការខឹងសម្បាយ៉ាងខ្លាំង។ ក្រៅពីមេដឹកនាំ បាតុករ៤នាក់នៅមានបាតុករ ៥៨នាក់ផ្សេងទៀតត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួន ដោយចោទប្រកាន់ពីបទល្មើសជាច្រើន ៕ដោយ សាធី