ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០១ ខែមីនាឆ្នាំ២០១៦នេះ លោកស្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងមន្ត្រីប្រតិបត្តិសាខា បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយស្ត្រីមានផ្ទៃពោះចំនួន៨៩នាក់ និងស្ត្រីទើបសំរាលកូន នៅមណ្ឌលសុខភាពទឹកថ្លា ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោកជំទាវ អនុប្រធានសាខា បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
សម្តេចប្រធាន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសស្ត្រីមានផ្ទៃពោះ ត្រូវចេះថែរក្សាសុខភាព ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងណែនាំស្ត្រីទាំងអស់មកសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅក្បែរផ្ទះ ជៀសវាង ការសម្រាលតាមបែបបុរាណ ។
សាខាកាកបាទក្រហម ក៏បាននាំយកអំណោយមនុស្សធម៌មកផ្ដល់ជូនក្នុងម្នាក់ៗទទួលបាន ៖ កន្សែងពោះគោ១, ថ្នាំដុសធ្មេញ១, ច្រាសដុសធ្មេញ១, ម្សៅកូនក្មេង១, និងថវិកាចំនួន២មុឺនរៀល ។ ដោយឡែក ស្ត្រីទើបសម្រាលកូនរួចទទួលបានសម្ភារៈដូចគ្នា ថវិកាទទួលបាន៥មុឺនរៀល និងទឹកដោះគោឆៅ១យួរ ព្រមទាំងឧបត្ថម្ភមណ្ឌលសុខភាពទឹកថ្លា នូវថវិកាចំនួន២លានរៀល ៕
ដោយ៖ សុខ ខេមរា