ក្រសួងការពារជាតិចិន អះអាងថា​៖​ សកម្មភាពខ្លួននៅក្បែរប្រជុំកោះ Senkaku ជាការស្របច្បាប់,ប៉ុន្តែ​ជប៉ុន​ ថាប្រជុំកោះមួយនេះជាកម្មសិទ្ធិរបស់ជប៉ុន

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK​ បាននិយាយថា​ នាពេលថ្មីៗនេះ ចិន តែងតែបញ្ជូននាវាល្បាតមួយចំនួនចូលមកក្នុងដែនទឹកក្បែរប្រជុំកោះ Diaoyu ឬជាភាសាជប៉ុន Senkaku ជាញឹកញយ។ ជប៉ុន បានបញ្ជូននាវារបស់ខ្លួនជាច្រើនលើកដែរដើម្បីរុញនាវាល្បាតចិនចេញពីដែនទឹកដែខ្លួនកំពុងគ្រប់គ្រង។

មិនតែប៉ុណ្ណោះ​ក្រសួងការពារជាតិចិន នៅថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១​ បានការពារសកម្មភាពរបស់ខ្លួននៅក្បែរប្រជុំកោះ Senkaku ដោយអះអាងថា ជាការស្របច្បាប់ដោយដែនកោះមួយនេះជាកម្មសិទ្ធិចិន។ ប៉ុន្តែ​រដ្ឋមន្រ្តីការពារជាតិជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា ដែនទឹក និងប្រជុំកោះមួយនេះ ជាកម្មសិទ្ធិរបស់ជប៉ុន ដោយផ្អែកទៅលើភស្តុតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។

ជាក់ស្ដែង​ក្រសួងការពារជាតិចិន បានអះអាងនៅលើវេបសាយរបស់ខ្លួននៅថ្ងៃទី១ ខែមីនា ទាក់ទិននឹងសកម្មភាពរបស់ខ្លួននៅក្នុងដែនទឹកក្បែរប្រជុំកោះ Senkaku នេះថា ដែនកោះខាងលើ ជាទឹកដីរបស់ចិន ហើយសកម្មភាពយោធា ឬនាវាល្បាតក្នុងដែនទឹកនោះ គឺស្របច្បាប់ និងមិនអាចប្រកែកបាន។ ដោយសំអាងថាជាកម្មសិទ្ធិរបស់ខ្លួន ក្រសួងការពារជាតិបញ្ជាក់ថា នាវាចិន នឹងបន្តវត្តមាននៅក្នុងតំបន់នេះដូចធម្មតា។​ ចំណែក​ជប៉ុនវិញ ដែលជាភាគីគ្រប់គ្រងប្រជុំកោះនេះ នៅថ្ងៃទី២ ខែមីនា​ ក៏បានច្រានចោលការអះអាងរបស់ចិនផងដែរ។

បេីតាមរដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Kishi Nobuo បានថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយ​បានផ្តាំទៅចិនយ៉ាងច្បាស់ៗថា ប្រជុំកោះ Senkaku ជាកម្មសិទ្ធិរបស់ជប៉ុន តាំងពីប្រវត្តិសាស្រ្តមក និងស្របតាមច្បាប់អន្តរជាតិ។ រដ្ឋមន្ត្រី​ការពារជាតិរូបនេះ​ បន្ថែមទៀតថា​ ការបញ្ជូននាវាល្បាតមកប្រជុំកោះមួយនេះ តាមរយៈការទាមទារដោយឯកតោភាគី គឺជាការបំពានច្បាប់អន្តរជាតិ និងមិនអាចទទួលយកបាន។ មិនតែប៉ុណ្ណោះ ដើម្បីទប់ស្កាត់នាវាល្បាតរបស់ចិន ដែលចេះតែចូលមកក្បែរប្រជុំកោះ Senkaku ជាញឹកញាប់ ក្រសួងការពារជាតិជប៉ុន នឹងសហការជាមួយអង្គការរបស់រដ្ឋាភិបាលជប៉ុនផ្សេងទៀត ដើម្បីប្រមូលព័ត៌មាន ល្បាត និងឃ្លាំមើលសកម្មភាពនៅប្រជុំកោះSenkaku។

គួរជម្រាបថា ប្រជុំកោះSenkaku គឺជាក្រុមកោះ ដែលមិនមានមនុស្សរស់នៅ និងមានវត្តមានស្ថិតនៅក្នុងសមុទ្រចិនខាងកើត។ ចិន និងជប៉ុន មានទំនាស់លើប្រជុំកោះមួយនេះជាយូរមកហើយ។ នៅចុងខែកុម្ភៈកន្លងទៅ មន្រ្តីរដ្ឋាភិបាលជប៉ុន​ បានអះអាងថា នាវាល្បាតជប៉ុន អាចបាញ់កម្ទេចនាវារបស់បរទេសទាំងឡាយណា ដែលចូលមកចតនៅប្រជុំកោះមួយនេះ៕ដោយ​៖ស​ តារា​

រូបភាព​​៖នាវាល្បាតរបស់ជប៉ុននៅក្បែរប្រជុំកោះ Senkaku​ នាពេលកន្លងមក

...

រូបថត Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print