ហ្វីលីពីន៖ ប្រកាសរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមពីអាហ្វ្រិកខាងត្បូង

ចែករំលែក៖

អន្តរជាតិ​៖ បន្ទាប់ពីក្រសួងសុខាភិបាលហ្វីលីពីន​ ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនបានមួយថ្ងៃ​ ស្រាប់​តែ​ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ​ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១​ បានប្រកាសពីការរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមានប្រភពដើមពីប្រទេស អាហ្វ្រិកខាងត្បូង។

ជាក់ស្ដែង​ក្រសួងសុខាភិបាលហ្វីលីពីន​ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខណៈមិនទាន់មានភស្តុតាងថាវីរុសបំប្លែងខ្លួននេះមានភាពកាចសាហាវ ដល់កម្រិតណា ការចម្លងទៅមនុស្សយ៉ាងឆាប់រហ័សរបស់វា អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង»។

បន្ថែមពីនេះ​ក្រសួងសុខាភិបាលហ្វីលីពីន​ ក៏បានបញ្ជាក់ថា​ អាជ្ញាធរបានរកឃើញវីរុស COVID-19 បំប្លែងខ្លួនថ្មីចំនួន៦ករណី ដោយក្នុងនោះមាន ៣ករណីរកឃើញនៅក្នុងស្រុក និង២ករណីជាពលរដ្ឋហ្វីលីពីនមកពីក្រៅប្រទេស ហើយមួយករណីទៀត កំពុងស្ថិតនៅក្រោមការសិក្សាបញ្ជាក់ពីប្រភព។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ​ រដ្ឋាភិបាលហ្វីលីពីន បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ហើយដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ចំនួន៦សែនដូស ដែលជាអំណោយរបស់ទីក្រុងប៉េកាំង​ ប្រទេស​ចិន​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print