ភ្នំពេញ , វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពមនុស្ស។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញ សេចក្តីជូនដំណឹង យោង Vietnam News ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង មេត្តាជ្រាបថា៖ ចាប់ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Hong វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពមនុស្ស ។ វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveol) នៃសួត និងក្នុងសរសៃ ឈាម អាចបង្កឲ្យមានជាជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទីក។
អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញ ក្រៅ, បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាតរន្ធច្រមុះនឹងទឹកអំបិល។
សេចក្តីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែល មានវត្តមានក្នុងវៀតណាម ពិសេសនៅភាគខាងជើង មេត្តាជ្រាបជាព័ត៌មាន និង មេត្តាយកចិត្តទុកដាក់ ការពារសុខភាព។
ឆ្លៀតក្នុងឱកាស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នេះចំនឹងថ្ងៃទិវាវប្បធម៌ ស្ថានទូតសូមជូនពរ សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងវៀតណាមរីករាយ និងស្វែងយល់ ពីសម្បត្តិវប្បធម៌ជាតិយើង និងបំផុសការស្រឡាញ់ ថែរក្សា ការពារ និងលើកកំពស់សម្បត្តិវប្បធម៌ជាតិ ដូចមាន ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមមេត្តាបន្តរក្សាអនាម័យឲ្យបានជាប់ ជាប្រចាំ។ ក្នុងករណ៏បន្ទាន់ សូមទំនាក់ទំនងផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕
ដោយ, សុខ ខេមរា