អន្តរជាតិ៖ បើតាមសេចក្តីរាយការណ៍របស់ក្រុមប៉ូលីសអាមេរិក បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ១៣នាក់បានស្លាប់នៅភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃអង្គារទី៣ ខែមីនា ឆ្នាំ២០២១ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយនៅរដ្ឋកាលីហ្វ័រញ៉ា ដោយសារតែរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តដឹកគ្រួសខ្សាច់ដ៏ធំមួយ នៅជិតព្រំដែនប្រទេសម៉ិចស៉ីកូ។
បើតាមលោក ជូឌី គ្រូស (Judy Cruz) ជាមន្ត្រីអាមេរិកម្នាក់ មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងទីក្រុង អ៊ែលសេនត្រូ (El Centro) បានបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើង នៅពេលដែលរថយន្តប្រភេទ SUV ដឹកអ្នកដំណើរជាង ២០នាក់ បានបុកជាមួយរថយន្តដឹកគ្រួសខ្សាច់ដ៏ធំមួយ នៅក្បែរទីក្រុង El Centro រដ្ឋកាលីហ្វ័រញ៉ា។
លោក ជូឌី គ្រូស បានបន្ថែមទៀតថា ក្នុងតំបន់កើតហេតុ នៅរសៀលថ្ងៃអង្គារ (ពេលវេលានៅកាលីហ្វ័រញ៉ា) វាឆាប់ពេកហើយក្នុងការបកស្រាយអំពីហេតុការណ៍ ដែលបានកើតឡើងឲ្យលម្អិតនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១។
សូមជម្រាបថា អ្នកដំណើរសរុប ២៥នាក់ រួមទាំងអ្នកបើកបរម្នាក់ បានស្ថិតនៅក្នុងរថយន្តប្រភេទ SUV នៅពេលមានគ្រោះថ្នាក់ចរាចរណ៍នោះ។
ដោយឡែកប្រភពផ្លូវការ ក៏បានអះអាងថា មានមនុស្សចំនួន១២នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ សរុបរួមមនុស្ស ១៣នាក់បានស្លាប់។ ប៉ុន្តែសារព័ត៌មានខ្លះទៀត បានចុះផ្សាយថា មនុស្សរហូតដល់ទៅ ១៥នាក់ឯណោះបានស្លាប់៕ដោយ៖ស តារា
រូបថត៖AFP