ខេត្តស្វាយរៀង៖ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងចូលក្នុងវត្តរួចធ្វើសកម្មភាពឡើងទៅលើកុដ្ឋ លួចយកប្រាក់របស់ព្រះសង្ឃ អស់ចំនួន ២៨៧,០០០រៀល ខណៈដែលព្រះសង្ឃកំពុងនិមន្តឡើងឆានចង្ហាន់ថ្ងៃត្រង់ បានសម្រេចហេីយព្យាយាមជិះរត់គេចខ្លួន។ ប៉ុន្តែសំណាងមិនល្អត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនបានមកវិញភ្លាមៗ។
ករណីខាងលេីនេះ បានកេីតឡេីងនៅម៉ោង១១ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងវត្តកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ជនសង្ស័យ ០២នាក់នោះទី១ឈ្មោះ ណុំ ណែត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក CBR ស្លាកលេខ សៀមរាប 1P-6976 និងទី២ឈ្មោះ គ្រឿន វិរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិថ្នា ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក WINER ស្លាកលេខ ភ្នំពេញ 1AA-7889 បានធ្វើសកម្មភាពឡើងទៅលើកុដ្ឋ រួចហើយលួចយកប្រាក់របស់ព្រះសង្ឃ អស់ចំនួន ២៨៧,០០០រៀល ។ ក្រោយធ្វើសកម្មភាពជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូគេចចេញពីវត្តកំពង់ត្រាច ក្នុងស្រុករមាសហែក ឆ្ពោះទៅទិសខាងត្បូង ភ្លាមនោះកូនសិស្សលោកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍តាមទូរស័ព្ទពីជនរងគ្រោះភ្លាមៗ អធិការនគរបាលស្រុករមាសហែក លោកវរសេនីយ៍ឯក សំ សំអុល បានបញ្ជាកម្លាំងគ្រប់គោលដៅទាំងអស់ឲ្យពួនស្ទាក់តាមចាប់ជនសង្ស័យខាងលេី។
ពេលនោះ ជនសង្ស័យបានជិះដល់គោលដៅអនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែបត់ត្រឡប់ក្រោយ ក៏ត្រូវកម្លាំងនគរបាលបានបើករថយន្តដេញតាម ពីក្រោយរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ ព្រមទាំងដកហូតបានម៉ូតូ ដែលក្រុមចោរជិះធ្វើសកម្មភាពចំនួន ០២គ្រឿង និងវត្ថុតាងជាប្រាក់ចំនួន ២៨៧,០០០រៀល ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ដោយ៖សហការី