ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ នៅថ្ងៃទី០៥ ខែមិីនា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនបុរសម្នាក់ ដែលជាសន្តិសុខនៅសណ្ឋាគារសុខា បន្ទាប់ពីរូបគាត់បានលួចលាក់ជម្លៀសជនជាតិចិនស្រីៗចេញពីមណ្ឌលចត្តាឡីស័ក្ត ដែលជាហេតុនាំឲ្យមានការផ្ទុះឡើងនូវកូវីដ១៩ ក្នុងសហគមន៍ជាលើកទី៣ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ មុខរបរសន្តិសុខសណ្ឋាគារសុខា មានអាស័យដ្ឋានបច្ចុប្បន្ន ផ្ទះជួលផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
មន្រ្តីដដែល បន្តថា ជនសង្ស័យរូបនេះ ត្រូវបាន ក្រុមគ្រូពេទ្យ បញ្ចូនខ្លួនទៅ មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ ក្រោយបុរសរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយជនជាតិចិន ដែលរូបគេបានលួចលាក់ជម្លៀសឲ្យចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ ក្រោយលទ្ធផល១៤ថ្ងៃ ឃើញថារូបគេ អវិជ្ជមានកូវីដ១៩ ទេីបកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនខ្លួនបន្តទៅកាន់អនុគណ:កម្មាការ ស្រាវជ្រាវ និងតាមដានបុគ្គល សង្សយ័ថាមានផ្ទុកជំងឺកូវីដ-១៩ ដែលមានទីបញ្ជាការស្ថិតនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនិតិវិធីតែម្តង ។
គួររម្លឹកដែរថា កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ សន្តិសុខ២នាក់ នៅសណ្ឋាគារសុខា បានជួយសម្រលសម្រួលឲ្យមានការចាកចេញពីមណ្ឌលចត្តាឡីស័ក នូវជនជាតិចិន ៤ នាក់ ដែលក្រោយមកស្ត្រីជនជាតិចិននោះ ត្រូវបានរកឃើញមានកូវិដ ១៩ ដែលនាំឲ្យកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ៤០០ នាក់គិតត្រឹមថ្ងៃទី ៥ ខែមីនានេះ ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ក៏បានអះអាងថា សន្តិសុខរូបនេះប្រឈមនឹងការពិន័យ ខណៈអ្នកជំនាញច្បាប់និងមន្ត្រីជំនាញនៃក្រសួងសុខាភិបាល កំពុងពិភាក្សានិងវាយតម្លៃលើទោសទណ្ឌតាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាល (មួយគុណនឹងប្រាំ) ៕ដោយ៖សហការី