សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាតិ (UN) របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាតិ (UN) របស់កម្ពុជា។ ការប្រារព្ឋសន្និបាតនេះ គឺស្របពេលខួប១០ឆ្នាំ នៃបេសកកម្មថែរក្សាសន្តិភាពរបស់កម្ពុជា ជាមួយUN។

ចាប់តាំងឆ្នាំ ២០០៦ ដល់២០១៦ នេះ កម្ពុជាបានបញ្ជូនកងកម្លាំងក្រោមទង់ UN ចំនួន ៣,៥៥៧នាក់ហើយចេញទៅរក្សាសន្តិភាពនៅតាមបណ្តាប្រទេសរងគ្រោះដោយសារសង្រ្គាម។ បន្ទាប់ពីកម្ពុជាបានរំលត់ភ្លើងសង្រ្គាមដ៏ល្វីងជូរចត់ជាង ៣ ទសវត្សរ៍កន្លងមកនេះតាមការដាក់ចេញនយោបាយឈ្នះឈ្នះ គឺកម្ពុជាមិនត្រឹមតែចង់បានសន្តិភាពនៅក្នុងប្រទេសរបស់ខ្លួននោះទេ តែកម្ពុជាក៏ចង់ចូលរួមរក្សាសុខសន្តិភាពនៅតាមបណ្តាប្រទេសនានាលើពិភពលោកផងដែរ។

ឈរលើទស្សនៈ និងស្មារតីនេះ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៥ សម្តេចតេជោ ហ៊ុន សែនក៏បាន សម្រេចចិត្តអនុញ្ញាតឲ្យកងយោធពលខេមរភូមិន្ទចេញទៅបំពេញបេសកកម្មរក្សាសសន្តិភាព។បន្ទាប់មកតាមការអំពាវនាវរបស់អគ្គលេខាធិការ (UN) គឺនៅឆ្នាំ២០០៦ កម្ពុជាក៏បានបញ្ជូនកងកម្លាំងមួកខៀវកម្ពុជាចេញទៅបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា វាមិនមែនជាការងាយស្រួលទេ ប៉ុន្តែយើងបានទទួលជោគជ័យ ដូច្នេះកម្ពុជានៅតែមានមហិច្ឆិតានិងមានផែនការពង្រីកកងទ័ពបន្ថែមទៀតដើម្បីបញ្ជូនទៅកាន់ប្រទេសក្រៅ ប្រសិនបើមានការស្នើរសុំពីអង្គការសហប្រជាតិ បើទោះបីកម្ពុជាក្រប្រាក់ ក្រទ្រព្យ ប៉ុន្តែកម្ពុជាមិនក្រចិត្តឡើយ។

ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ៣,៥៥៧នាក់ នារី ១១៨នាក់ ទៅបំពេញបេសកកម្ម សូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្តាល លីបង់ ម៉ាលី ឆាត កោះសៃផ្រឹស និងអារ៉ាប់-ស៊ីរី លើជំនាញបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តម្រួតសណ្តាប់ធ្នាប់ និងវិស្វកម្មជាដើម។ បច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាមាន ៨៨៨នាក់ បាននិងកំពុងបំពេញបេសកកម្មនៅប្រទេសនានា បើទោះបីមានឧបសគ្គ និងហានិភ័យខ្ពស់ក៏ដោយ ក៏កងកម្លាំងកម្ពុជាតែងតែសម្រេចជោគជ័យភារកិច្ច និងទទួលបានការកោតសរសើរពីសំណាក់អគ្គលេខាធិការ និងមន្រ្តី UN។

ព្រោះតែការសម្រេចបាននូវការងារប្រកបដោយភាពជោគជ័យ និង អង្គអាចក្លាហាន របស់កងកម្លាំងរក្សាសន្តិភាពនេះហើយ បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសឈានមុខគេទី៣ នៅក្នុងតំបន់អាស៊ានដែលបានបញ្ជូនកងកម្លាំងចូលរួមរក្សាសន្តិភាព បើទោះបីប្រទេសមួយនេះទើបងើបចេញពីសង្រ្គាមក្រោយគេ ហើយមានស្ថានភាពសេដ្ឋកិច្ចនៅទន់ខ្សោយក៏ដោយ។

មុននឹងបិទបញ្ចប់សន្និបាតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបំពាក់គ្រឿងឥស្សរិយស ដល់បងប្អូនកងកំលាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ដែលបានបំពញបេសកកម្មកន្លងមក ព្រមទាំងបានអញ្ជើញទស្សនាការតាំងបង្ហាញកំរងរូបភាពនៃសកម្មភាពកងទ័ពមួកខៀវកម្ពុជានៅតាមបណ្តាប្រទេសផ្សេងៗកន្លងមកក្នុងបរិយាកាសរីករាយក្រៃលែង។ ទន្ទឹមនឹងនោះសម្តេចតេជោ ហ៊ុន សែន បានជូនពរដល់កងទ័ព មួកខៀវកម្ពុជាទាំងអស់ដែលកំពុងបំពេញបេសកកម្មក្រៅប្រទេសមានសុវត្ថិភាព និងជួបប្រទះតែសេចក្តីសុខគ្រប់ពេល៕ សុខ ខេមរា

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print