ខេត្តកណ្តាល៖ ប្រជាពលរដ្ឋហួសចិត្តនិងលោកក្រឡាបញ្ជី និងលោកចៅក្រម ពន្យាសុំណុំរឿងដើមបណ្តឹងដល់ដៃ ៣ខែមិនឃើញអនុវត្តន៍សាលក្រម តែបែរជាឈ្មោះ ច្រង់ ប៊ុនអេង កូនស្រីជនល្មើស ប្តឹងជនរងគ្រោះប្រើពេលមិនដល់ម្ភៃថ្ងៃផងចេញដីការកោះភ្លាម សង្ស័យតែ…។ នេះជាការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ( Taing Sonny)! ដោយបញ្ជាក់ទៀតថា, ដែលរឿងនេះបានកើតឡើងកាលពី ថ្ងៃទីម្ភៃបី ខែវិច្ឆិកា ២០២០ វេលាម៉ោងប្រាំមួយកន្លះព្រឹក ។
គណនីដដែលបានលើកឡើងថា, ប្រភពពីគ្រួសាររងគ្រោះ បានបង្ហើបឲ្យដឹងថា៖ ឈ្មោះ ប៊ី វុត្ថា ភេទ ប្រុស អាយុ ៣២ឆ្នាំ ដែលជាជនរងគ្រោះ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល គ្រានោះឈ្មោះ ប៊ី វុត្ថា បានទៅឈរលើចិញ្ចើមផ្លូវចំមុខផ្ទះឈ្មោះ ច្រង់ ប៊ុនអេង ហៅក្រៅ ចែម្លិះ គ្រាន់តែនិយាយទៅកាន់ក្រុមក្មេងជិះកង់បញ្រ្ចាស់ផ្លូវ ឈ្មោះ ប៊ី វុត្ថាក៏ប្រាប់ទៅក្មេងទាំងនោះថា កុំជិះបញ្រ្ចាស់ផ្លូវចឹងអត់ល្អទេ គ្រានោះស្រាប់តែឈ្មោះ ច្រង់ ប៊ុនអេង ហៅ ម្លិះ ក៏បើកទ្វារផ្ទះចេញមក ហើយនិយាយមកកាន់ឈ្មោះ ប៊ី វុត្ថា ថា អ្ហែងនិយាយច្រើនចឹងហត់អត់ឬ? ពេលនោះឈ្មោះ ប៊ី វុត្ថាក៏តបវិញថា៖ អត់ហត់ទេចែ ព្រោះខ្ញុំចង់ឲ្យក្មេងល្អទេចែ! ហើយនាងម្លិះនោះក៏ជេរប្រមាថមកលើឈ្មោះ ប៊ី វុត្ថាទៀត ប៉ុន្តែរូបគាត់មិនបាន ជេរតបវិញទេ គ្រាន់តែនិយាយថា ចែឯងហ្នឹងជេរខ្ញុំចឹងអត់ល្អទេ ។នាងម្លិះក៏ដើរចូលផ្ទះ។មួយសន្ទុះក្រោយមកស្រាប់តែមានបុគ្គលម្នាក់ឈ្មោះ ច្រង់ ស៊្រុយ ត្រូវជាឪពុកឈ្មោះ ច្រង់ ប៊ុនអេង ហៅចែម្លិះ បើករថយន្ត ម៉ាកMorning(kia) ពណ៌ត្រួយចេក ចុះដើរតម្រង់មករកជនរងគ្រោះដោយមានកាន់ខ្សែភ្លើងទំហំប៉ុនមេដៃ បត់ជាបួនកំណាត់ប្រវែងប្រហែលមួយម៉ែត្រមកវាយសន្ធប់មកលើឈ្មោះ ប៊ី វុត្ថា ជាច្រើនរំពាត់រហូតដល់បែកឈាមពេញខ្នង រួចហើយក៏បើករថយន្តទៅវិញដោយមិននិយាយសួររកហេតុផលអ្វីឡើយ។
សូមជំរាបថា នៅពេលកំពុងវាយនោះ ជនរងគ្រោះបានត្រឹមនិយាយសួរ លោក ច្រង់ ស៊្រុយ ថា៖ លោកវាយខ្ញុំតើខ្ញុំមានកំហុសអី?
ដោយការឈឺចាប់ពេកគ្រាដែលបានឃើញលេចឮថាជនប្រព្រឹត្តដើរផឹកកាហ្វេ ស៊ីគុយទាវ និងនិយាយប្រាប់គេឯងថា៖ បានវ៉ៃឆ្កែអនាថាមួយជ្រុលដៃ ….។ហើយក៏ពេលវេលាដែលជនរងគ្រោះ កំពុងឈាមបែកពេញខ្នង ដេកផ្ងាមិនកើត បានតែដេកផ្កាប់ប៉ុណ្ណោះ គាត់យំផង ឈឺផង ក៏ទៅដាក់ប្តឹងនៅប៉ុស្តិ៍ទឹកវិល តែប៉ុស្តិ៍ទឹលវិលបានត្រឹមហៅជនរងគ្រោះទៅសួរនាំប៉ុណ្ណោះ ។
អ្វីដែលចម្លែកនោះគឺ រឿងនេះក៏បាត់ស្ងាត់រហូតមក លុះបានមួយខែក្រោយមកបែរជាមានជនទីបី តេឡេហ្វូនមកបងស្រីជនរងគ្រោះ ឈ្មោះ ឈុន ចេត្តនា ដែលអ្នកទាំងពីរមានឪពុកផ្សេងគ្នា ម្តាយតែមួយ ហើយម្តាយក៏ស្លាប់ចោលទៀតនៅតែឪពុក ពុំមានសមត្ថភាពដោះស្រាយរឿងក្តី ព្រោះតែជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាច ។ជនទីបីដែលទូរស័ព្ទមកនោះ ដោយគេនិយាយថាខាងស្រុកសុំសម្រួលជាលុយចំនួនបីពាន់ដុល្លា(3,000$)បញ្ចប់រឿងតើព្រមទេ? ពេលនោះឈ្មោះ ឈុន ចេត្តនា មិនយល់ព្រមយកលុយក្រខ្វក់នោះទេ ដោយរូបគេសុំឲ្យច្បាប់ធ្វើការតាមនិតិវិធីចុះ….! ខាងស្រុកនៅតែតេ មករកគាត់ ពីរ ទៅបីដង ទៀតសុំសម្រួលជាលុយហ្នឹង ចម្លើយរបស់គាត់បដិសេធដដែល។
រហូតមកដល់ ថ្ងៃទីប្រាំបួន ខែមករា ២០២១ មានដីការកោះហៅ ឈុន ចេត្តនា ឲ្យទៅបំភ្លឺរឿងហិង្សាដោយចេតនា។ពេលសួររួចហើយខាងតុលាការ(អយ្យការអមសាលាដំបូង ខេត្តកណ្តាល) តំណាងអយ្យការ ឲ្យ ឈុន ចេត្តនា មកផ្ទះវិញ ហើយរឿងហ្នឹងក៏បាត់រហូតដល់ គ្មានការឆ្លើយតបអ្វីឡើយ រហូតមកដល់ពេលនេះ ។
ក្រុមគ្រួសារជនរងគ្រោះ គ្នារង់ចាំភាពយុត្តិធម៌អស់រយៈពេលជាងប្រាំមួយខែមិនឃើញស្រមោលយុត្តិធម៌នោះសោះ ។លុះដល់ ព្រឹកថ្ងៃទីប្រាំមួយ ខែមីនា ឆ្នាំ២០២១ នេះ បែរជាមានដីការកោះហៅជនរងគ្រោះ ប៊ី វុត្ថា ពាក់ព័ន្ធរឿងរំលោភលំនៅដ្ឋាន និងជេរប្រមាថខាងជនល្មើសទៅវិញ (តុលាការខេត្តកណ្តាល)។
ក្រុមគ្រួសារ រងគ្រោះ រងចាំមើលជានិច្ច ថា សាលាដំបូងខេត្តកណ្តាល ធ្វើការបែបណាបន្ត។
សូមបញ្ជាក់ផងដែរថា, ករណីបង្កហិង្សាខាងលើនេះ បានកើតឡើងមានរយៈពេលជាយូរខែមកហើយ ។ នេះបើតាមការរៀបរាប់ពីគណនី facebook ខាងលើ ។ កន្លងទៅ ពេលមានរឿងអយុត្តិធម៌ក្នុងសង្គម បញ្ហា ល្បែងស៊ីសង អំពើ ឆក់ ប្លន់ គ្រឿងញៀន ឲ្យតែមានករណីរាយការណ៍ពីប្រជាជន ឬបង្ហោះលើហ្វេសប៊ុក មានលក្ខណៈត្រឹមត្រូវពិតប្រាកដ ខានអង្គភាពស្នងការដ្ឋាននគរបាលខេត្តកណ្ដាល តែងបង្កើតក្រុមការងារចុះទៅដល់ទីតាំងនោះ ដើម្បីធ្វើការដោះស្រាយ បានយ៉ាងលឿនទាន់ពេលវេលា។ ដោយឡែកករណីនេះ ហាក់ដូចជាពុំទាន់ដែលបានដឹងពីមុនមក ទើបឈានដល់ឡើងតុលាការ៕
ដោយ, សហការី