ភ្នំពេញ÷នៅក្នុងដំណាក់កាលនីមួយរួមមាន៖
ទី១៖ ជាដំណាក់កាលស្រាវជ្រាវ រកឱ្យឃើញនូវអ្នកមានជំងឺកូវីដ-១៩ និងអ្នកដែលមានជាប់ការពាក់ព័ន្ធទាំងអស់ ដើម្បីការពារកុំឱ្យគាត់បង្កការឆ្លងរាលដាលទៅអ្នកដទៃទៀត។ ក្នុងដំណាក់កាលនេះ កម្លាំងពេទ្យបានធ្វើការទាំងថ្ងៃទាំងយប់ ពេលខ្លះឈានដល់យប់អាធ្រាត និងទៀបភ្លឺ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គ អស់រយៈកាលជាងមួយឆ្នាំកន្លងមក ហើយមានសមាសភាពមកពី ក្រុមគ្រូពេទ្យ និងផ្នែកបច្ចេកទេសរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ។
ទី២៖ ជាដំណាក់កាលគ្រប់គ្រងការពារធានាឱ្យបាននូវការរក្សាទុក អ្នកដែលមានការពាក់ព័ន្ធឱ្យស្ថិតនៅក្នុងតំបន់ចត្តាទ្បីស័ក ដំណាក់កាលនេះ កងកម្លាំងតាមមូលដ្ឋានបានអនុវត្តយ៉ាងសកម្មអស់រយៈកាលកន្លងមក ហើយកងកម្លាំងដែលបានទទួលការហ្វឹកហ្វឺននាពេលនេះ នឹងត្រៀមចូលរួមចំណែក នៅពេលដែលមានស្ថានការណ៍ចាំបាច់កើតទ្បើង។
ទី៣៖ ជាដំណាក់កាលផុ្តល់ការព្យាបាលជូនដល់អ្នកដែលមានជំងឺកូវីដ-១៩។ ដំណាក់កាលនេះ គឺជាសមត្ថកិច្ចរបស់ក្រុមគ្រូពេទ្យ នៃមន្ទីសុខាភិបាលគ្រប់ខេត្ត-ក្រុង និងក្រសួងសុខាភិបាលបានខិតខំយ៉ាងខ្លាំងក្លា ដើម្បីបន្តព្យាបាលអ្នកដែលមានករណីវិជ្ជមាន ហើយជាលទ្ធផល មកទល់ពេលនេះ អ្នកជំងឺបានទទួលការជាសះស្បើយច្រើន និងមិនទាន់មានករណីស្លាប់ដោយជំងឺកូវីដ-១៩ ណាមួយនៅក្នុងប្រទេសកម្ពុជានៅទ្បើយទេ។
ទន្ទឹមនោះ លោកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជូនដល់ ថ្នាក់ដឹកនាំ នៃក្រសួងសុខាភិបាល និងបណ្តាកងឯកភាព ដែលបានសហការជ្រោមជ្រែង ក្នុងការផ្តល់ក្រុមគ្រូឯកទេស ក្រុមបច្ចេកទេស ក្នុងការតាក់តែងឯកសារ ហើយបានធ្វើការរៀបចំកម្លាំងដែលមានសុខភាពល្អ និងបានទទួលនូវការចាក់ថ្នាំបង្ការរួចរាល់ ព្រមទាំងអរគុណដល់កងកម្លាំងសម្រាប់ទឹកចិត្តមុះមុត និងការត្រៀមលក្ខណៈរួចជាស្រេចក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ៕
ដោយ, សូរិយា