អន្តរជាតិ៖ តុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ ចំនួន១៨រូប ចំពោះការប្រព្រឹត្តបទល្មើសចំនួន១១ ដែលធ្វើឡើងក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Thammasat និងទីលាន Sanam Luang កាលពីថ្ងៃទី១៩ និង២០ ខែកញ្ញាឆ្នាំ២០២០កន្លងទៅ។ ចំពោះបទល្មើសដែលត្រូវបានចោទប្រកាន់ទៅលើមេដឹកនាំបាតុកម្មទាំង១៨នោះ រួមមាន៖ ការញុះញង់បណ្តាលឲ្យមានអស្ថិរភាព ការបំផ្លាញទីតាំងប្រវត្តិសាស្ត្រ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ការជួបជុំខុសច្បាប់ ការបំពានក្រឹត្យប្រកាសអាសន្ន និងការប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍ជាដើម។ ប៉ុន្ដែអ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ មេដឹកនាំ៣រូប បានរងបទចោទថែមទៀតពីការប្រមាថអង្គមហាក្សត្រ ។
មិនតែប៉ុណ្ណោះមេដឹកនាំបាតុករ៣នាក់ដែលត្រូវចោទបន្ថែមទាក់ទងការប្រមាថស្ដេច ត្រូវបានតុលាការបដិសេធការសុំនៅក្រៅឃុំ។ បើសិនជាតុលាការរកឃើញថាមេដឹកនាំទាំង៣នេះ ពិតជាប្រមាថព្រះមហាក្សត្រមែននោះ ពួកគេអាចនឹងត្រូវជាប់ពន្ធាគាររហូតដល់ទៅ១៥ឆ្នាំ។ កាលពីថ្ងៃទី៧ ខែមករា បាតុករមួយរូបត្រូវបានតុលាការចេញដីការចាប់ខ្លួនបន្ទាប់ពីបានដុតព្រះឆាយាល័ក្ខមហាក្សត្រផងដែរ។
បេីតាមការលើកឡើងរបស់លោក Chanchai Chalanonniwat អ្នកនាំពាក្យរង នៃការិយាល័យរដ្ឋអាជ្ញារថៃ បាននិយាយថា៖«មានភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថាជនជាប់ចោទបានប្រព្រឹត្តបទល្មើស»។ អ្នកនាំពាក្យរងរូបនេះ បន្ថែមថា បើតុលាការបដិសេធរាល់ការសុំនៅក្រៅឃុំរបស់មេដឹកនាំបាតុកម្មទាំង១៥រូបផ្សេងទៀតនោះ ពួកគេនឹងត្រូវជាប់ពន្ធនាគាររហូតដល់មានការកាត់ក្តី។
បេីតាមសារព័ត៌មានAl Jazeera បានចុះផ្សាយថា លោក Panupong Jadnok ដែលជាមេដឹកនាំបាតុករចាយុវជនម្នាក់និយាយថា លោកមិនជាភ័យព្រួយអ្វីឡើយ ហើយសកម្មភាពដែលលោកបានធ្វើគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
បេីយោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស មានបុគ្គលយ៉ាងហោចណាស់ចំនួន៦៣ ត្រូវបានចោទប្រកាន់ចំពោះការប្រព្រឹត្តបទល្មើសប្រមាថព្រះមហាក្សត្ររាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មក។
សូមជម្រាបថា ក្រុមបាតុកម្មដែលធ្វើឡើងដោយយុវជនថៃ ជាបញ្ហាប្រឈមមួយរបស់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចន្ទអូចា។ ក្រុមបាតុករចោទ លោកនាយករដ្ឋមន្ត្រីថៃ ពីការកែប្រែច្បាប់បោះឆ្នោតឆ្នាំ២០១៩ ដើម្បីបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយក៏រិះគន់រដ្ឋធម្មនុញ្ញថៃដែលផ្តល់អំណាចច្រើនជ្រុល និងទាមទារឱ្យកាត់បន្ថយអំណាចមួយចំនួន។
មិនតែប៉ុណ្ណោះក្រុមបាតុករ ទាមទារឲ្យមហាក្សត្របោះបង់ការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ដែលតាមការប៉ាន់ស្មានមានតម្លៃពី៣០ពាន់លានទៅ៤០ពាន់លានដុល្លារ។ បន្ថែមពីនេះ បាតុករក៏ទាមទារឲ្យព្រះមហាក្សត្រ ឈប់កាន់កាប់អង្គភាពកងទ័ពខ្លះដែរ។ ខណៈដែលអង្គភាពទ័ពនោះ ត្រូវបានបាតុករអះអាងថា ធ្លាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សាដើម្បីបំបែកការជួបជុំនយោបាយ ក៏ដូចជាចូលរួមក្នុងការធ្វើរដ្ឋប្រហារជាច្រើនដងផងដែរ៕ដោយ៖ស តារា
រូបភាព៖សកម្មជនថៃដើរចូលការិយាល័យរាជអាជ្ញា
រូបថត៖ AFP