ខេត្តព្រះសីហនុៈ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និង២៨នាក់រងរបួសស្រី២៥នាក់ក្នុងនោះរបួសធ្ងន់៧ស្រី៦នាក់ផ្សេងទៀត ក្នុងចំណោមកម្មករប្រមាណ៤០នាក់ ក្នុងហេតុការណ៏រថយន្ត៦គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ចន្លោះចំណោទអូរត្រាវ ទៅតំបន់ សេដ្ឋកិច្ចពិសេសបិតត្រាំង ក្នុងស្រុកព្រៃនប់ កាលពីវេលាម៉ោងជាង៧យប់ថ្ងៃទី១មិនាឆ្នាំ២០១៦។
យោងតាមការបញ្ជាក់ពីលោកវរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរងទទួលផែនសណ្តាប់ធ្នាប់បានអះអាងថា យោងតាមពត៏មានបឋម នៅវេលាម៉ោងជាង១៩យប់ថ្ងៃទី១មិនាឆ្នាំ២០១៦ មានករណីមួយកើតឡើងរវាងរថយន្តចំនួន០៦គ្រឿងក្នុងនោះខូចខាតធ្ងន់ធ្ងរ៣គ្រឿង និងខូចខាតបន្តិចបន្តួច០៣គ្រឿង បង្ករឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង(តៃកុងរថយន្តដឹកកម្មករ) និង២៨រងរបួសស្រី២៥នាក់ក្នុងនោះរបួសធ្ងន់៧ស្រី៦នាក់ផ្សេងទៀត ដែលគ្រោះថ្នាក់នេះបង្ករឡើងដោយរថយន្តកុងតៃនឺពណ៏លឿងម៉ាក ហ្វុយស្សូ អ្នកបើកបររត់គេចខ្លួនក្រោយកើតហេតុ។
លោកស្នងការរងបានបន្តទៀតថា គ្រោះថ្នាក់នេះបង្ករឡើងដោយសារតែមុនដំបូងរថយន្តកុងតៃនឺពណ៏លឿងទីមួយបានទៅបុកគូទរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៏ស ដឹកកាកស្រាបៀរអង្គរ ក្នុងទិសដៅស្របគ្នាពីក្រុងព្រះសីហនុ ទៅភ្នំពេញបណ្តាលឲ្យរថយន្តដឹកស្រាបៀរអង្គរក្រឡាប់ផ្ងាជើងខណះពេលនោះរថយន្តកុងតៃនឺក្បាលលឿងដូចគ្នាទី២ បានមកដល់ចំនុចកើតហេតុ ក្នុងទិសដៅពីក្រុងព្រះសីហនុហើយ ហើយវ៉ាកជាមួយរថយន្តដឹកកម្មករ ក្នុងទិសដៅបញ្ជ្រាស់ទិសគ្នា ទើបបានជ្រុលទៅបុករថយន្តកម្មកតែម្តងបណ្តាលឲ្យតៃកុងឡានទូរីសឈ្មោះ បុត សារ៉ាន់ ភេទ ប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ៣(ទំនប់រលក)សង្កាត់លេខ០១ក្រុងព្រះសីហនុគៀបក្នុងរថយន្តស្លាប់ភ្លាមៗ ឯកម្មករធ្លាក់ពីរថយន្តរប៉ាត់រប៉ាយរងរបួសធ្ងន់និងស្រាលចំនួន២៨នាក់ ហើយបានខ្ទាតទៅប៉ះរថយន្តពីរគ្រឿងផ្សេងទៀត គឺរថយន្តម៉ាកវិស្តូពណ៏ស និង រថយន្តហ្វ័តរងការខូចខាតបន្តិចបន្តួច។ ក្រោយកើតហេតុភ្លាមៗតៃកុងរថយន្តកុងតៃនឺទាំង០២គ្រឿងបានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅនឹងកន្លែង។
ក្រោយពីចុះធ្វើការវាស់វែង រួច រថយន្តចំនួន០៤គ្រឿងត្រូវបានសមត្ថកិច្ចចរាចរណ៏យកមករក្សាទុកនៅការិយាល័យចរាចរណ៏ខេត្តរងចាំការដោះស្រាយនៅពេលបន្ទាប់ឯរថយន្តរងគ្រោះ០២គ្រឿងទៀតដោយមានការខូចខាតបន្តិចបន្ទួចក៏បានបន្តដំណើរទៅមុខមិនមែនការប្តឹងផ្តល់នោះទេ រីឯ អ្នកកម្មកររងគ្រោះទាំង២៨នាក់កំពុងសំរាកនៅគ្លីនិចឯកជនចំនួន០២កន្លែង ។ដោយឡែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅកាន់លំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕