មន្ត្រីគណបក្ស ជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី អោងសានស៊ូជី បានស្លាប់ពេល យោធាចាប់ឃុំខ្លួន ។ លោក Ba Myo Thein អតីតតំណាងរាស្ត្រគណបក្ស NLD បានប្រកាសស្តីពីការស្លាប់ខាងលើ ។
លោក Ba Myo Thein អតីតមន្ត្រីគណបក្ស NLD បានបញ្ជាក់ថា លោក Zaw Myat Linn មន្ត្រីគណបក្សនេះបានស្លាប់នៅវេលាម៉ោង ១និង៣០ នាទី ថ្ងៃទី ៩ខែមីនា (ពេលវេលាក្នុងតំបន់) ក្រោយត្រូវយោធាឃុំខ្លួន នៅក្នុងទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា។
លោក Ba Myo Thein បានលើកឡើងថា « លោក Zaw Myat Linn បានចូលរួមដឹកនាំធ្វើបាតុកម្ម ប្រឆាំងយោធា ។ នៅពេលនេះ គ្រួសាររបស់លោក Zaw Myat Linn បានព្យាយាមបញ្ជូនសាកសព ទៅកាន់មន្ទីរពេទ្យ យោធា ។ នៅពេលនេះដែរ កម្លាំងយោធា និងប៉ូលិស មិនបានវិភាគ អ្វីជុំវិញហេតុការខាងលើនោះឡើយ។
លោក Zaw Myat Linn ជាអតីតមន្ត្រីទីពីរហើយ របស់គណបក្ស NLD ស្លាប់ពេលត្រូវយោធាឃុំខ្លួន ជាច្រើនថ្ងៃកន្លងមក។ កាលពីប៉ុន្មានថ្ងៃមុន លោក Khin Maung Latt អតីតមន្ត្រីគ្រប់គ្រងការបោះឆ្នោត របស់គណបក្ស ក៏បានស្លាប់ ក្រោយត្រូវយោធាឃុំខ្លួនកាលពីថ្ងៃទី ៦ខែមីនា។
មីយ៉ានម៉ាធ្លាក់នៅក្នុងវិបត្តិជាទ្រង់ទ្រាយធំ ក្រោយកម្លាំងយោធា ធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួន មេដឹកនាំជាច្រើន ក្នុងនោះមាន លោកស្រី អោងសាន ស៊ូជី ដែលជាប្រធានគណបក្ស NLD ។ ការធ្វើរដ្ឋប្រហារនោះទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនមីយ៉ានម៉ា បង្កឲ្យមានមហាបាតុកម្ម ជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ ។
មន្ត្រីសិទ្ធិមនុស្ស ក្នុងប្រទេសមីយ៉ានម៉ា បានឲ្យដឹងថា សាកសពលោក Zaw Myat Linn មានស្នាមជាំពេញខ្លួន ដូចជាការវាយធ្វើទារ៉ុណកម្ម រាងកាយយ៉ាងធ្ងន់ធ្ងរ៕
រូបភាព៖Reuters