ភ្នំពេញ, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការបញ្ឈប់ការធ្វើអាជីវកម្មលើវិស័យប្រៃសណីយ៍ ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា អនុលោមតាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋាននានា អាជីវកម្មប្រៃសណីយ៍គ្រប់ប្រភេទ នៃព្រះរាជាណាចក្រកម្ពុជាត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ម្ចាស់អាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍គ្រប់រូបតម្រូវឱ្យមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ជាដាច់ខាតដើម្បីប្រកបអាជីវកម្ម។ នាពេលកន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួន នៅមិនទាន់គោរពបាននូវលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយនៅឡើយ។ ម្ចាស់អាជីវកម្មខ្លះ
កំពុងប្រកបអាជីវកម្មរបស់ខ្លួនដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតមានសុពលភាពពី បសណីយ៍និង ទូរគមនាគមន៍ ដែលទង្វើនេះផ្ទុយទៅនឹងបទប្បញ្ញត្តិនៃមាត្រា២៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីវិស័យប្រៃសណីយ៍។ ម្ចាស់អាជីវកម្មដែលគ្មានអាជ្ញាបណ្ណអាចនឹងត្រូវបញ្ឈប់អាជីវកម្មដោយបន្ទាន់ និងត្រូវពិន័យជាប្រាក់ពី ៥.០០០.០០០ រៀល ក្នុងគោលដៅជំរុញឱ្យការគ្រប់គ្រងវិស័យប្រៃសណីយ៍ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សណ្តាប់ធ្នាប់ និងការពារបាននូវផលប្រយោជន៍អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនដំណឹងដល់ម្ចាស់អាជីវកម្ម ដែលកំពុងធ្វើប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ទាំងអស់ចូលរួមសហការដូចខាងក្រោម ៖
១. ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានអាជ្ញាបណ្ណសម្រាប់ស្នាក់ការកណ្តាល និងលិខិតអនុញ្ញាតឱ្យ បើកសាខាដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវស្នើសុំមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
២. ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងតាមបណ្តាខេត្ត ត្រូវស្នើសុំមកកាន់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដែលសាខានោះតាំងនៅ។
ម្ចាស់អាជីវកម្មដែលមិនទាន់បានបំពេញតាមបទប្បញ្ញត្តិខាងលើ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ និង/ឬលិខិតអនុញ្ញាត យ៉ាងយូរបំផុតឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ជាកំហិត។
សម្រាប់ព័ត៌មានបន្ថែម ដើម្បីស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត សូមធ្វើការទាក់ទងមកអគ្គនាយកដ្ឋាន ប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈទូរសព្ទលេខ ០៧០ ៩៧២ ៧០៧/០១២ ៧៣៤ ៣៧៥/ ០១៨ ៥៩៥៩ ៨៥៨ ឬអ៊ីម៉ែល [email protected]៕