ខេត្តសៀមរាប ៖ ពាក្យចាស់លោកថា៖ «ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត» ពិតជាមិនខុសមែន! គឺក្តីស្រឡាញ់ គោរពគ្នា មានទំហំធំធេង គ្មានអ្វីក្នុងលោកយកមកប្រៀបបាន សម្រាប់ជីវិតប្តីប្រពន្ធមួយនឹងមួយ។
នៅរសៀលថ្ងៃទី១៣ ខែមីនានេះ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក សៀង ណាំ បានសំណេរទៅកាន់ភរិយាថា៖ ១៣ មីនា ២០២១ ពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ….!
ប្រពន្ធសំឡាញ់!
ចាប់តាំងពីថ្ងៃទី ០៤ ខែកុម្ភៈ កន្លងទៅជាងមួយខែមកនេះ រូបអូនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទីក្រុងបាងកក ប្រទេសថៃ គឺយើងបានឃ្លាតគ្នាចំនួន ១ ខែ ៩ ថ្ងៃហើយ។ បងនៅឯណេះ តែងគិត និងបារម្ភយ៉ាងខ្លាំងពីការវះកាត់របួសរបស់អូន ព្រមទាំងនឹករលឹកអូនជារៀងរាល់ថ្ងៃ។
បន្ទាប់ពីបានធូរស្រាលពីជំងឺ ថ្ងៃនេះរូបអូននិងកូនបានត្រឡប់មកពីមន្ទីរពេទ្យទីក្រុងបាងកកប្រទេសថៃ ហើយបានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាយើងវិញ ដោយក្តីនឹករលឹកនិងរំភើបក្រៃលែង។
ពេលនេះ បងបានមកទទួលអូនដោយក្តីអំណរបំផុតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ តែពុំបានជួបគ្នាផ្ទាល់ឡើយ ដោយមើលមុខគ្នាពីចម្ងាយប៉ុណ្ណោះ ព្រោះយើងគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រោះត្រឡប់មកពីប្រទេសថៃ អូនត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ជាចាំបាច់ ដោយខានពុំបាន។ អូនចុះពីយន្តហោះភ្លាម ក្រុមគ្រូពេទ្យខេត្តសៀមរាបយើងបានជួយរៀបចំ បន្តដំណើរអូនដោយរថយន្តពេទ្យទៅកាន់ទីតាំងធ្វើចត្តាឡីស័ក។ បងបានត្រឹមឈរមើលពីចម្ងាយ ហើយបងសង្កេតឃើញទឹកមុខរបស់អូនរីករាយញញឹមហាក់បង្កប់នូវក្តីរំភើប ការនឹករលឹក និងក្តីស្រឡាញ់ ដែលមានតែបងទេទើបយល់បាន។
ឧត្តមភរិយាបង!
នេះជាសំណេរបញ្ជាក់ពីទឹកចិត្តបង ព្រោះយើងមិនអាចជួបនិយាយគ្នាដោយផ្ទាល់បានដោយសារជំងឺខូវីដ ១៩ ដែលជាជំងឺកាចសាហាវ ហើយកំពុងរីករាលដាលគួរឱ្យព្រួយបារម្ភជាខ្លាំងនៅក្នុងប្រទេសយើង។
ថ្វីបើអូនបានមកដល់ទឹកដីកម្ពុជាហើយក៏ដោយ តែត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាគោរពតាមច្បាប់របស់រាជរដ្ឋាភិបាលយើង។ ត្រឹមតែ ១៤ ថ្ងៃទៀតប៉ុណ្ណោះសូមអូនទ្រាំបន្តិចទៀតចុះ ក្រោយចប់ចត្តាឡីស័កនិងការអនុញ្ញាតរបស់គ្រូពេទ្យ គ្រួសារយើងនឹងបានជួបជុំគ្នាវិញដោយក្តីរីករាយ។
សូមថែរក្សាសុខភាពឱ្យបានល្អបងសូមជូនពរអូនឱ្យជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុខ ខេមរា