អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានដកស្រង់ចេញពីក្រសួងសុខាភិបាលបារាំង បានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អាជ្ញាធរមូលដ្ឋានរកឃើញអ្នកឆ្លង COVID-19 ជិត៣ម៉ឺននាក់; ខណៈចំនួនអ្នកបានទទួលការចាក់វ៉ាក់សាំងដូសដំបូងកើនលើស ៥លាននាក់។
ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ទី១៣ មីនាម្សិលមិញនេះ អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ រកអ្នកឆ្លង COVID-19 ២៩,៧៥៩នាក់; ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៤,០៤៥,៣១៩នាក់។
ជាមួយគ្នានេះ ក្នុងថ្ងៃដដែល អ្នកជំងឺ១៦៩នាក់ក៏បានស្លាប់ផងដែរនាំឱ្យអ្នកស្លាប់សរុបកើនដល់ ៩០,៣១៥នាក់ ខណៈអ្នកជាសះស្បើយឡើងវិញមានចំនួន ២៧២,៦១៥នាក់។
បច្ចុប្បន្នបារាំង គឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ៦ បន្ទាប់ពីចក្រភពអង់គ្លេស។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញនេះ មនុស្ស ២៤១,៨១៤នាក់បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ធ្វើឱ្យចំនួនអ្នកចាក់វ៉ាក់សាំងដូសដំបូងកើនដល់ ៥,០៦១,៧៣៨នាក់ ឬស្មើនឹង៧.៦ភាគរយនៃប្រជាជនបារាំងសរុប។ ព្រមពេលជាមួយគ្នា មនុស្ស ២,២៣៦,០៦៦នាក់ ក៏បានចាក់វ៉ាក់សាំងដូសទី២របស់ពួកគេផងដែរ៕ដោយ៖ស តារា